រដ្ឋបាលខេត្តព្រះសីហនុ សម្រេចអនុម័តគម្រោងបង្កើតរោងចក្រថ្មីចំនួន ២ បន្ថែមទៀត នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសំណើសុំបង្កើតរោងចក្រថ្មីចំនួន ២ ក្រុមហ៊ុន ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ច និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
តាមរយៈកិច្ចប្រជុំនេះ គម្រោងវិនិយោគដែលត្រូវបានពិនិត្យ និងអនុម័ត រួមមាន៖
១. ក្រុមហ៊ុន កាកា (ខេមបូឌា) អៅដរ លីវីង ឯ.ក (KAKA (CAMBODIA) OUTDOOR LIVING CO., LTD): វិនិយោគលើការបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម សម្ភារប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ទ្វាររបង និងគ្រឿងបន្ទាប់បន្សំផ្សេងៗ។

២. ក្រុមហ៊ុន ស៊ីនរុន មេធល ប្រដាក់ ឯ.ក (XINRUN METAL PRODUCT CO., LTD): វិនិយោគលើការបង្កើតរោងចក្រកែច្នៃលោហធាតុ (រួមមាន ស៊ុមកៅអី តុ វិស រឺស័រ និងកន្លាស់)។

រោងចក្រទាំង ២ នេះ មានទីតាំងស្ថិតនៅ ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការសម្រេចអនុម័តនេះ បង្ហាញពីការជឿជាក់របស់អ្នកវិនិយោគមកលើសក្តានុពលនៃខេត្តព្រះសីហនុ ជាពិសេសតំបន់ស្រុកព្រៃនប់ ដែលកំពុងប្រែក្លាយជាតំបន់ឧស្សាហកម្មដ៏សំខាន់។ គម្រោងទាំងនេះមិនត្រឹមតែជួយបង្កើនផលិតផលក្នុងស្រុកសម្រាប់ការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋតាមរយៈការផ្តល់ការងារយ៉ាងច្រើនសន្ធឹកសន្ធាប់។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យក្រុមហ៊ុនទាំងពីរ ត្រូវអនុវត្តតាមច្បាប់ជាធរមាន បទដ្ឋានបច្ចេកទេស និងគិតគូរខ្ពស់ពីផលប៉ះពាល់បរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕

រូបភាព ៖ ភារុន
អត្ថបទ ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ