រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំកែលម្អរសោភណ្ឌភាពឡើងវិញ លើកំណាត់ផ្លូវនិងចិញ្ចើមផ្លូវមួយចំនួននៅតំបន់ជុំវិញផ្សារដើមគរ

លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានមានប្រសាសន៍ឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ថា ៖ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងរៀបចំកែលម្អរសោភណ្ឌភាពឡើងវិញនៅកំណាត់ផ្លូវនិងចិញ្ចើមផ្លូវមួយចំនួននៅតំបន់ជុំវិញផ្សារដើមគរ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំចាត់ចែងដោយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំឱ្យអាជីវករដែលរំលោភលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវខាងលើ ទៅលក់ដូរបន្លែ ផ្លែឈើនៅផ្សារតាម៉ាប់ព្រែកជ្រៃនិងផ្សារដើមគរថ្មី ដោយដោះស្រាយតាមបែបឈ្នះ ឈ្នះ ក្នុងមនោសញ្ចេតនា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ។ ការៀបចំកែលម្អរសោភណ្ឌភាពឡើងវិញនេះ តាមគម្រោងអាចនិងរួចរាល់ទាំងស្រុង ក្នុងចន្លោះ១ខែទៅ២ខែទៀត។

លោកស្រីបញ្ជាក់ថា៖ គិតមកដល់ពេលនេះ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ជុំវិញបរិវេណផ្សារដើមគរ ចាប់ពីថ្ងៃទី១៨ មករា កន្លងមកនេះ យើងធ្វើបានច្រើនដែរហើយ ដោយផ្ដោតទៅលើផ្លូវធំៗចំនួន៣ខ្សែធំៗនោះគឺ មហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុងនិងផ្លូវលេខ២៣០។ យើងបានរៀបចំការ៉ូឡា នៅជុំវិញផ្សារដើមគរជិតរួចរាល់ហើយ។ បន្តមកយើងនឹងចាប់ផ្ដើមមួយចំហៀងផ្លូវទៀត។ ការងាររៀបការរ៉ូឡានេះ យើងអាចបញ្ចប់ក្នុងចន្លោះពេល ខ្ទង់មួយខែទៀត។ នៅមហាវិថីមុនីរ៉េតការងារនេះយើងត្រូវធ្វើទាំងពីរខាងផ្លូវ ពោលគឺទាំងក្នុងខណ្ឌទួលគោកនិងនៅក្នុងខណ្ឌបឹងកេងកង។ដូចគ្នានេះដែរ ចំពោះ ផ្លូវ២ខ្សែទៀតដូចជាផ្លូវ២៣០និងមហាវិថីម៉ៅសេទុង យើងក៏អនុវត្តការងារនេះដូចគ្នាផងដែរ។ចំណែកការងារផ្សេងទៀតមានទាំងការងារដាក់ប្រព័ន្ធលូ ជួសជុលអណ្ដូងលូ ក៏យើងបាននិងកំពុងដំណើរការព្រមៗគ្នាផងដែរ។ បន្ទាប់មកទៀតយើងអាចនឹងមានការអ៊ុតកៅស៊ូ អ៊ុតគូសគំនូសចរាចរណ៍នៅលើកំណាត់ផ្លូវ ទាំងនេះផងដែរ។

លោកស្រីដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា៖ចំពោះគម្រោងខាងលើនេះអាចបញ្ចប់ទាំងអស់នៅក្នុងរង្វង់១ខែឬ២ខែខាងមុខទៀត។
រដ្ឋបាលរាជធានីភ្នំពេញក្រោយបានផ្លូវមកវិញធ្វើការកែលម្អរសោភណ្ឌភាពដោយរៀបជាថ្មក្រានីលើចិញ្ចើមផ្លូវដើរថ្មើរជើងនិងរៀបចំប្រព័ន្ធលូឡើងវិញមហាវិថីព្រះមុនីរ៉េត ផ្លូវ២៣០ មហាថីម៉ៅសេទុងនិងផ្លូវមួយចំនួនទៀត។

គួររំលឹកដែរថា៖តាមរយៈការដោះស្រាយតាមបែបឈ្នះ ឈ្នះ និងមនោសញ្ចេតនា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ ខ្មែរ របស់ឯកឧត្ដមឃួង ស្រេង និងដោយមានការគាំទ្រនិងចូលរួមពីបងប្អូនអាជីវករ ដោយពួកគាត់បានសម្រេចចិត្តផ្លាស់ប្តូទីតាំងពីការលក់ដូរ លើទ្រូងនិងចិញ្ចើមផ្លូវក្នុងតំបន់ជុំវិញផ្សារដើមគរចាស់ហើយបាននាំគ្នាទៅលក់ដូរនៅផ្សារដើមគរថ្មី នាខណ្ឌព្រែកព្នៅនិងផ្សារតាម៉ាប់ព្រែកជ្រៃ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ។ ដូច្នេះត្រូវរួមគ្នាដើម្បី ផ្ទះ ផ្លូវនិងទីក្រុងយើងស្អាត។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិតជាខិតខំប្រឹងប្រែងណាស់សព្វថ្ងៃនេះ គឺធ្វើជាប់ជា ប្រចាំ ប៉ុន្តែក៏ទាមទារការចូលរួមសហការនិងយោគយល់ អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែរទើបការប្រឹងប្រែងរបស់អាជ្ញាធរយើងទទួលបានជោគជ័យ៕