ទោះបីស្ថិតក្នុងពេលវេលាវិស្សមកាលក្នុងផ្ទះក៏ដោយ ប៉ុន្តែលោក Trump នៅតែអាចរិះគន់ចំៗចំពោះការដឹកនាំដ៏យឺតយ៉ាវ របស់អភិបាលរដ្ឋ Maryland លើបញ្ហាបាក់បំពក់ទឹកស្អុយហូរចូលទន្លេ Potomac

លោកប្រធានាធិបតី Donald Trump បានរិះគន់អភិបាលរដ្ឋ Maryland លោក Wes Moore (វ៉ែស ម៉ូរ៉េ) កាលពីថ្ងៃចន្ទនេះ ជុំវិញអ្វីដែលលោកនិយាយថា ជាការឆ្លើយតបយឺតយ៉ាវចំពោះការបាក់បំពង់ទឹកកាលពីខែមករាកន្លងមក ដែលវាបានបញ្ជូនទឹកស្អុយហូរចូលទៅក្នុងទន្លេ Potomac ភាគពាយ័ព្យនៃទីក្រុង Washington។ លោក Trump បានវាយប្រហារចំៗទៅលើលោក Moore ទោះបីជាអាជ្ញាធរទឹកដែលមានមូលដ្ឋាននៅស្រុក Columbia និងរដ្ឋាភិបាលសហព័ន្ធមានយុត្តាធិការលើបំពង់ដែលបាក់នោះក្តី។ បំពង់ទឹកសម័យទសវត្សរ៍ឆ្នាំ ១៩៦០ ដែលមានឈ្មោះថា Potomac Interceptor គឺជាផ្នែកមួយនៃប្រព័ន្ធបង្ហូរ របស់ DC Water ដែលជាក្រុមហ៊ុនប្រើប្រាស់ទឹកដែលមានមូលដ្ឋាននៅទីក្រុង Washington ដែលត្រូវបានគ្រប់គ្រងដោយរដ្ឋសហព័ន្ធ និងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយទោះបីពេលនេះ លោក Trump កំពុងចំណាយពេលចុងសប្តាហ៍ក្នុងវិស្សមកាលនៅផ្ទះរបស់លោកក្នុងរដ្ឋ Florida ក្តី ប៉ុន្តែលោកបានប្រើប្រាស់បណ្តាញសង្គមដើម្បីនិយាយថា លោក “មិនអាចអនុញ្ញាតឱ្យ ‘ភាពជាអ្នកដឹកនាំ’ ក្នុងស្រុកដែលគ្មានសមត្ថភាពប្រែក្លាយទន្លេ Potomac “ទៅជាតំបន់រងគ្រោះមហន្តរាយ” បាននោះទេ។ លោកបាននិយាយទៀតថា លោកបានបញ្ជាឱ្យអាជ្ញាធរសហព័ន្ធចូលអន្តរាគមន៍ដើម្បីសម្របសម្រួលលើបញ្ហានេះជាការឆ្លើយតប។ លោក Trump បានបន្ថែមនៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា “មានគ្រោះមហន្តរាយអេកូឡូស៊ីដ៏ធំមួយកំពុងកើតឡើងនៅក្នុងទន្លេ Potomac ដែលវាជាលទ្ធផលនៃការគ្រប់គ្រងមិនបានល្អរបស់មេដឹកនាំបក្សប្រជាធិបតេយ្យក្នុងស្រុក ជាពិសេសអភិបាលរដ្ឋ Wes Moore របស់រដ្ឋ Maryland”។ ប៉ុន្តែលោក Ammar Moussa ជាអ្នកនាំពាក្យរបស់លោក Moore បាននិយាយថា មន្ត្រី EPA មិនបានចូលរួមក្នុងសវនាការនីតិបញ្ញត្តិថ្មីៗនេះស្តីអំពីការសម្អាតនោះទេ ហើយលោកបាននិយាយថា រដ្ឋបាលលោក Trump ជាទូទៅបាន “គេចវេសពីការទទួលខុសត្រូវរបស់ខ្លួនទោវិញ” លើការជួសជុល និងសម្អាតអ្វីដែលអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Maryland និយាយថា ជាការបែកធ្លាយទឹកស្អុយដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក៕

សម្រួលអត្ថបទ៖ សុផារិន្ទ