ក្រសួងធម្មការនិងសាសនា បន្តផ្សព្វផ្សាយកម្មវិធី “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” លើកទី ៣២២ ស្មើនឹង១០៩១ មាតិកាព្រះធម៌ តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា

តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធម្មការនិងសាសនា បន្តផ្សព្វផ្សាយកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី ៣១៤ ស្មើនឹង១០៦៧ មាតិកាព្រះធម៌ បានយ៉ាងទូលំទូលាយ តាមរយៈការសហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ វិទ្យុរដ្ឋ និងឯកជន ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំទូន្មានដល់កុលបុត្រខ្មែរ ដើម្បីឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌។

ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋបានដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនេះ កាន់តែធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់វ័យកាន់តែប្រកាន់ភ្ជាប់សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ដើម្បីអភិវឌ្ឍខ្លួនក្លាយជាបញ្ញាវ័ន្តដ៏មានគុណតម្លៃសម្រាប់ប្រទេសជាតិនិងសង្គម នៅទីស្តីក្រសួងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កម្មពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីឆ្នាំ២០០៩។ ចាប់តាំងពីការបង្កើតកម្មវិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នេះមក កម្មវិធីនេះទទួលបានការអបអរសាទរទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ក៏ដូចជាមានការចូលរួមនិងអបអរសាទររបស់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ និងសិស្សានុសិស្សនៅទូទាំងប្រទេសយ៉ាងអធិកអធម។ ជាពិសេសជាងនេះទៅទៀត នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនេះក៏ត្រូវបានបន្តអនុវត្តនិងផ្សព្វផ្សាយជាបន្តបន្ទាប់ ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានមានប្រសាសន៍ជម្រាបជូនថា ការសម្តែងព្រះធម៌ទេសនានេះពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖
១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេ ចក្តីថ្លៃថ្នូរនៅក្នុងសង្គម
២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍
៣-ចៀសផុតពីគ្រឿងញៀន គ្រឿង ស្រវឹង, ពីការជួញដូរមនុស្ស
៤-ចៀសផុតពីអំពើហឹង្សាក្នុងគ្រួសារ និងក្នុងសង្គម
៥-បង្ការគ្រោះថ្នាក់ចរាចរណ៍
៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ
៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព
៨- អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត
៩-ការចិញ្ចឹមកូនបែបវិជ្ជមាន
១០-ជួយផ្សព្វផ្សាយពីហានីភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។

សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី ៣២២ស្មើនឹង១០៩១ មាតិកាព្រះធម៌ នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយ ព្រះបវរសត្ថា ហួរ សារិទ្ធិ , ព្រះវិរិយមង្គល ទូច ពិសិដ្ឋ, ព្រះភិក្ខុវិមលោ ផល ចាន់ថេត
និងមានការនិមន្ត-អញ្ជើញចូលរួមពី ព្រះសង្ឃ ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ តាជី យាយជី សីលវ័ន សីលវត្តីនិងសិស្សានុសិស្សយ៉ាងច្រើនកុះករ ៕