ក្រុមអ្នកជួយសង្គ្រោះកំពុងប្រតិបត្តិការតាមរយៈទូកតូចៗនាភាគនិរតីប្រទេសបារាំងដែលកំពុងរងនូវទឹកជំនន់ភ្លាមៗ បន្ទាប់ពីព្យុះដ៏សាហាវឈ្មោះ Nils បោកបក់ឆ្លងកាត់
ផលប៉ះពាល់ពីកម្លាំងខ្យល់ព្យុះដ៏សាហាវមួយបានបន្តរំខានដល់ផ្នែកខ្លះនៅក្នុងប្រទេសបារាំងកាលពីថ្ងៃអាទិត្យនេះ បន្ថែមនូវក្តីបារម្ភអំពីស្ថានភាពទឹកជំនន់នៅតែបន្តកើតមានឡើងនាភាគនិរតីប្រទេស។ ប្រទេសបារាំងបានកត់ត្រាចំនួនមនុស្សស្លាប់ពីរនាក់ហើយ ដោយសារព្យុះ Nils ដ៏សាហាវនេះ ដោយកាលពីថ្ងៃព្រហស្បតិ៍ស្ថិតក្នុងនាយកដ្ឋាន Landes និងមួយទៀតនៅថ្ងៃសុក្រសប្តាហ៍មុននៅ Tarn-et-Garonne (តង់ អែត ហ្សារ៉ុនណេ)។ ទីក្រុងមួយចំនួន ក៏ដូចជានៅ Gironde et Lot-en-Garonne ត្រូវបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ឥទ្ធិពលរបស់ខ្យល់ព្យុះដ៏គួរឱ្យភ្ញាក់ផ្អើលបង្ករជាទឹកជំនន់! ជាក់ស្តែងទោះបីជាវាស្ថិតនៅចំណុចខ្ពស់តាមជ្រលងភ្នំ នៅក្នុងទីក្រុង Meilhan-sur-Garonne ក៏ដោយ។ វីដេអូពីទីក្រុង La Reole ដែលនៅក្បែរខាងនោះ ក្នុងតំបន់ Nouvelle Aquitaine បានបង្ហាញនូវស្ថានភាពទឹកជំនន់កំពុងជន់លិចផ្លូវ និងក្រុមអ្នកជួយសង្គ្រោះកំពុងរុករកកម្រិតទឹកខ្ពស់ៗ តាមរយៈទូកតូចៗ។ កាលពីសប្តាហ៍មុន បណ្តាញប្រតិបត្តិករដែលមានឈ្មោះថា Enedis បាននិយាយថា៖ ព្យុះនេះបានធ្វើឱ្យអតិថិជនរហូតរបស់ខ្លួនរហូតដល់ ៩០០,០០០ នាក់គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងកម្រិតខ្ពស់បំផុតរបស់ខ្លួន។ នៅព្រឹកថ្ងៃសុក្រនោះដែរ ពួកគេក៏បានស្តារសេវាកម្មនោះឡើងវិញ ដល់ប្រហែលជាពាក់កណ្តាលនៃចំនួនអ្នកដែលរងផលប៉ះពាល់ និងបានចល័តបុគ្គលិកចំនួន ៣,០០០នាក់ រួមទាំងអ្នកបច្ចេកទេសចំនួន ២,១០០នាក់ ដើម្បីជួយសម្រួលអគ្គិសនីសម្រាប់ពួកគេឡើងវិញដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ


