ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ១៣៥លានដុល្លារ ពីវិស័យរ៉ែ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងឱ្យដឹងក្នុងពិធីបើកពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ ២០២៦ ថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ចំណូលពីវិស័យរ៉ែបានចូលរួមយ៉ាងសំខាន់ក្នុងថវិកាជាតិ ដោយមានទឹកប្រាក់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៥ ចំណូលពីសួយសារ៉ែ (មិនទាន់រួមបញ្ចូលពន្ធដា ពន្ធគយ និងអាករផ្សេងៗ) កម្ពុជាទទួលបានជាង ១៣៥ លានដុល្លារ ខណៈ ១០ ឆ្នាំមុន ទើបតែមានប្រមាណ ១៣ លានដុល្លារ ប៉ុណ្ណោះ។ ពិព័រណ៍នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ។

ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា វិស័យរ៉ែកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការរីកចម្រើនសេដ្ឋកិច្ចជាតិ។ វិស័យធនធានរ៉ែបានបង្កើតចំណូលប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក និងបង្កើតការងារដោយផ្ទាល់ប្រមាណ ១ ម៉ឺនកន្លែង ពោល ៩៥% ជាពលកម្មក្នុងស្រុក ខណៈអ្នកជំនាញបរទេសមានប្រមាណតែ ៥% ប៉ុណ្ណោះ។ បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ចំនួន ៦ ក្រុមហ៊ុន ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន ១០០% ហើយថែមទាំងនាំចេញទៅក្រៅប្រទេសផងដែរ។

ឯកឧត្តម កែវ រតនៈ បន្ថែមថា ពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងជាលើកទី១ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ស្របតាមការចង្អុលទិស និងផែនការរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលផ្តោតលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាអាទិភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងយកចិត្តទុកដាក់ និងលើកទឹកចិត្តក្នុងការសម្រួលនីតិវិធី និងបែបបទនានា ដើម្បីជំរុញឱ្យវិស័យរ៉ែមានការរីកចម្រើនបន្ថែមទៀត៕