ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមអអិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលប្រារព្ធនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន  បានមានប្រសាសន៍ថា សន្និបាតអប់រំឆ្នាំនេះ បានគាំទ្រ និងអបអរសាទរចំពោះសមិទ្ធផលទាំងបរិមាណវិស័យ និងគុណវិស័យ នៅគ្រប់កម្រិត និងគ្រប់ការដ្ឋានកំណែទម្រង់វិស័យអប់រំ រយៈពេលជាង ១០ ឆ្នាំ កន្លងមក មានជាអាទិ កំណើនសិស្សចូលរៀននៅគ្រប់កម្រិត, លទ្ធផលសិក្សារបស់សិស្សនៅ ថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ, ការអនុវត្តស្តង់ដាសាលារៀនគំរូ, សាលារៀនជំនាន់ថ្មី, ការសាកល្បងអនុវត្តគន្លងអប់រំថ្មី, ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការកែលម្អប្រព័ន្ធអេកូស៊ីស្លែមនៃប្រព័ន្ធអប់រំសម្រាប់គាំទ្រការសិក្សាក្នុងបរិបទឌីជីថល។ 

ជាមួយគ្នានេះ ការគាំទ្រដល់សិស្សពូកែ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការកែលម្អ កម្មវិធីសិក្សា ការប្រើប្រាស់បច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិតក្នុងបង្រៀននិងរៀន និងកំណែទម្រង់ ឧត្តមសិក្សា គឺជាគន្លឹះដ៏សំខាន់សម្រាប់ការបណ្តុះមូលធនមនុស្ស ឱ្យឆ្លើយតបនឹងតម្រូវការ សង្គម សេដ្ឋកិច្ច និងទីផ្សារការងារ ក៏ដូចជាសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយប្រទេស ក្នុងតំបន់ផងដែរ។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដាក់ចេញជាទិសដៅយុទ្ធសាស្ត្រ ដើម្បីបន្តកែលម្អប្រព័ន្ធអប់រំកម្ពុជាឱ្យ កាន់តែប្រសើរឡើង ជាពិសេសការបង្កើនភាពប្រកួតប្រជែងនៅក្នុងតំបន់ និងអន្តរជាតិ ស្រប តាមប្រធានបទរបស់សន្និបាតអប់រំនៅឆ្នាំនេះ “គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយបរិយាបន្ន និងភាពធន់” ដូចខាងក្រោម៖

១. ការអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីកំណើនសិស្សគ្រប់ភូមិសិក្សា និងលទ្ធផលសិក្សារបស់សិស្ស

២. ការអនុវត្តគន្លងអប់រំថ្មី ដើម្បីរក្សាសិស្ស និងអភិវឌ្ឍមូលធន មនុស្សស្របតាមសមត្ថភាព និងឧប្បនិស្ស័យ

៣. វិធានការលើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សនៅបឋម សិក្សា និងការឆ្លើយតបនឹងលទ្ធផល SEA-PLM

៤. វិធានការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សមធ្យមសិក្សា និង ការឆ្លើយតបនឹង PISA

អង្គសន្និបាតក៏បានកត់សម្គាល់នូវ វឌ្ឍនភាពជាបន្តបន្ទាប់នៃកំណែទម្រង់វិស័យអប់រំ រួមមាន ការអនុវត្តស្តង់ដាសាលារៀនគំរូ ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កម្មវិធីសាលារៀន ជំនាន់ថ្មី ការសាកល្បងអនុវត្តគន្លងអប់រំថ្មី ការអប់រំឌីជីថល ការកែលម្អប្រព័ន្ធអេកូស៊ីស្ទែមនៃ ប្រព័ន្ធអប់រំ និងកំណែទម្រង់សាលាគរុកោសល្យ សុទ្ធសឹងជាមូលដ្ឋានគ្រឹះ និងជាកត្តាជំរុញដ៏ សំខាន់សម្រាប់ការអបរំប្រកបដោយគុណភាព បរិយាបន្ន និងភាពធន់ និងជាគ្រឹះអភិវឌ្ឍ សម្រាប់ឈានទៅអភិវឌ្ឍអនុវិស័យឧត្តមសិក្សា៕