អាជ្ញាធរខេត្តមណ្ឌលគិរី បានកសាងផ្លូវកៅស៊ូ និងបេតុង ២ខ្សែ ប្រវែងជាង ៣ពាន់ម៉ែត្រ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
មណ្ឌលគិរី ៖ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន អាជ្ញាធរខេត្តមណ្ឌលគិរី បានអនុវត្តគម្រោងអភិវឌ្ឍផ្លូវកៅស៊ូ និងបេតុង ២ខ្សែ ប្រវែង ៣,៣២០ម៉ែត្រ នៅក្រុងសែនមនោរម្យ។
លោក ញ៉ែម រ៉ា នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា គម្រោងកសាងផ្លូវបេតុង ២ខ្សែ ប្រវែង ៣,៣២០ម៉ែត្រ នៅក្រុងសែនមនោរម្យនេះ រួមមាន៖ ១.ផ្លូវចាក់បេតុងឆ្អឹងដែកកម្រាស់០.១៥ម៉ែត្រ ប្រវែង ៥៩០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងធ្វើលូជ្រុងបង្ហូរ ទឹកភ្លៀង ទំហំ០.៧០ម៉ែត្រ គុណ ០.៩០ម៉ែត្រ ប្រវែង ១.១៨០ម៉ែត្រ ស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ២.ផ្លូវទំនប់សុខដុម ចេញពីសួនសម្តេចតេជោ ហ៊ុនសែន សែនមនោរម្យ ដល់សាលាសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រវែង ៩១០ម៉ែត្រ ដោយចាក់កៅស៊ូ DBST ទទឹង ៧.២ម៉ែត្រ ចាក់បេតុងឆ្អឹងដែកកម្រាស់ ១៥ស.ម ទទឹង ២ម៉ែត្រសងខាង ដាក់លូបង្ហូរទឹកភ្លៀងមុខកាត់ ០.៨០ម៉ែត្រ សងខាងផ្លូវសរុបប្រវែង ១.៨២០ម៉ែត្រ មានខ្នោះអណ្ដូងចំនួន ៧១ ធ្វើចិញ្ចើមផ្លូវដើរ ចាក់បេតុងឆ្អឹងដែកកម្រាស់ ១២ស.ម ទទឹង ២ម៉ែត្រសងខាង ផ្ទៃក្រឡា ៣.៦៤០ម៉ែត្រការ៉េ និង ចាក់ប៊រឌៀចិញ្ចើមផ្លូវសងខាង ប្រវែង ១.៨២០ម៉ែត្រ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី ។
លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការសាងសង់ផ្លូវបេតុង និងផ្លូវកៅស៊ូ ២ខ្សែនាពេលនេះ គោលបំណង ឱ្យការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល ជាពិសេស ដើម្បីឱ្យក្រុងសែនមនោរម្យ កាន់តែមានសោភ័ណភាព និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត នៅទឹកដីនៃខេត្តមណ្ឌលគិរី កាន់តែច្រើនឡើង។ លោក បញ្ជាក់ថា ទោះបីបច្ចុប្បន្ន មានស្ថានការណ៍នៅតាមបណ្តោយព្រំដែន កំពុងប្រឈមឈ្លានពានរបស់សៀមក៏ដោយ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត មិនអាចបោះបង់ការអភិវឌ្ឍបានឡើយ ព្រោះវាជាមូលដ្ឋានសម្រាប់ភាពរឹងមាំរបស់សង្គម និងប្រទេសជាតិ។ លោក នាង វណ្ណៈ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តរក្សាសន្តិសុខ សាមគ្គីភាព និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមថែរក្សាការពារសមិទ្ធផលនានា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័នជាបន្តបន្ទាប់៕
ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី



