ឯកឧត្តម ហេង សួរ ចូលរួមចែករំលែកបទពិសោធអំពីការត្រួតពិនិត្យអនុលោមភាពច្បាប់ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថាន (HREDD) លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ និងកិច្ចសន្ទនាសង្គម ក្នុងវេទិកាប្រចាំឆ្នាំរបស់ អង្គការ OECD

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការត្រួតពិនិត្យអនុលោមភាពច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថាន ជាចលករសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចប្រកបដោយចីរភាព ការអនុវត្តលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ និងកិច្ចសន្ទនាសង្គម» នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងវេទិការបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាពក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកនូវបទពិសោធរបស់កម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃវិស័យកាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ (GFT) ដែលជាវិស័យស្នូលជំរុញកំណើនសេដ្ឋកិច្ច បង្កើនឱកាសការងារ និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការដាក់ចេញនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថានប្រកបដោយប្រសិទ្ធភាពក្នុងខ្សែច្រវាក់ផលិតកម្ម។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការងារនេះសម្រេចទៅបានដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូសង្គម និងដៃគូអភិវឌ្ឍន៍ ដូចជាអង្គការ ILO និងទីភ្នាក់ងារ GIZ ជាដើម។ ក្នុងន័យនេះ កម្ពុជាគឺជាប្រទេសដំបូងគេដែលបានអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) ដែលបច្ចុប្បន្នត្រូវបានយកធ្វើជាគំរូនៅតាមបណ្ដាប្រទេសផ្សេងៗទៀត។ បន្ថែមលើនេះ កម្ពុជាបានធ្វើទំនើបកម្មប្រព័ន្ធអធិការកិច្ចការងារ, ពង្រឹងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ, រក្សានិរន្តរភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល, លើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងការគ្រប់គ្រងបរិយាកាសការងារឱ្យកាន់តែប្រសើរឡើង។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការអនុវត្តការត្រួតពិនិត្យអនុលោមភាពច្បាប់នេះ មិនមែនជា “បន្ទុក” នោះទេ ប៉ុន្តែគឺជា “កាលានុវត្តភាពថ្មី” ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើសមាហរណកម្មខ្លួនកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល៕