“សេចក្តីស្រឡាញ់ដ៏បរិសុទ្ធគឺការដឹងគុណ” ៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ រៀបចំកម្មវិធីអប់រំសីលធម៌បែបព្រះពុទ្ធសាសនា ក្នុងឱកាសថ្ងៃ ១៤ កុម្ភៈ នៅក្រុងកំពង់សោម

លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ ផ្តួចផ្តើមរៀបចំកម្មវិធីអប់រំសីលធម៌ ដើម្បីបណ្តុះស្មារតីសិស្សានុសិស្ស យុវជនឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ដើម្បីទប់ស្កាត់ការយល់ច្រឡំលើអត្ថន័យនៃថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ និងដើម្បីពង្រឹងសីលធម៌សង្គម គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ បានរៀបចំកម្មវិធីអប់រំក្រោមប្រធានបទ 

«អប់រំក្រមសីលធម៌បែបព្រះពុទ្ធសាសនា សម្រាប់ការយល់ដឹងថ្ងៃ ១៤ កុម្ភៈនិងវេទិកាផ្សព្វផ្សាយ យុទ្ធនាការគ្រួសាររឹងមាំ» ។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ វត្តសមាធិ ស្ថិតនៅឃុំរាម ក្រុងកំពង់សោម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ លោកជំទាវ យុឹង សុឃឿន សមាជិកាក្រុមប្រឹក្សាខេត្ត លោកស្រី តាក វណ្ណសុនីតា អភិបាលរងក្រុងកំពង់សោម ។

ពិធីនេះមានគោលបំណងតម្រង់ទិសយុវជន បណ្តុះស្មារតីឱ្យយល់ដឹងពីតម្លៃនៃ «សេចក្តីស្រឡាញ់បែបដឹងគុណ» ចំពោះមាតាបិតា និងគ្រូឧបជ្ឈាយាចារ្យ ជំនួសឱ្យការផ្តោតលើស្នេហាយុវវ័យក្នុងផ្លូវអវិជ្ជមាន លើកកម្ពស់វប្បធម៌ និងតម្លៃស្ត្រី ផ្សព្វផ្សាយពីក្រម សីលធម៌ ប្រពៃណី និងទំនៀមទម្លាប់ប្រពៃណីខ្មែរ ដើម្បីរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងគ្រួសារខ្មែរ ។ បង្ការបញ្ហាសង្គម បញ្ជ្រាបការយល់ដឹងអំពីសុវត្ថិភាពកុមារ ការប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ និងការជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ព្រះគ្រូ សមថកោសល្យ សោម សម្បត្ដិ ព្រះវិន័យធម៌គណខេត្ត ព្រមទាំងព្រះគ្រូ សុទ្ធិសីលោ រិទ្ធ សុភ័ក្ដ ព្រះលេខាគណខេត្ត បានមានសង្ឃដីការនៅការណែនាំដល់លោកតាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាង៣០០ នាក់ អោយបានយល់ដឹងពីកតញ្ញូ កតវេទី ក្នុងការតបស្នងសងគុណដល់មាតា បិតា លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាលប្រកបដោយគន្លងធម៌ ក្នុងការធ្វើតបប្រកប ដោយការខិតខំសិក្សារៀនសូត្រអោយសាកសមជា កុលបុត្រល្អ យល់ពីទិវា១៤ កុម្ភ: អោយបានច្បាស់ ដើម្បីក្លាយជាទំពាងស្នងឬស្សី ជាសសរទ្រូងប្រទេសទជាតិនៅថ្ងៃអនាគត។

នៅក្នុងឱកាសនោះ លោកជំទាវ ប្រាក់ ច័ន្ទសុខា បានសង្កត់ធ្ងន់ថា ថ្ងៃទី១៤ ខែកុម្ភៈ មិនមែនជាថ្ងៃដែលត្រូវប្រព្រឹត្តខុសឆ្គង ឬធ្វើអ្វីដែលប៉ះពាល់ដល់កិត្តិយសខ្លួនឯង និងគ្រួសារនោះទេ។ ផ្ទុយទៅវិញ វាគឺជាឱកាសក្នុងការបង្ហាញក្តីស្រឡាញ់ដ៏បរិសុទ្ធចំពោះអ្នកមានគុណ។ យើងទាំងអស់គ្នាចង់ឱ្យក្មួយៗយល់ថា ថ្ងៃ១៤ កុម្ភៈ គឺជាថ្ងៃដែលយើងត្រូវពង្រឹងសីលធម៌ខ្លួនឯងឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម។

ក្តីស្រឡាញ់ដែលបរិសុទ្ធបំផុត គឺក្តីស្រឡាញ់ចំពោះឪពុកម្តាយ និងការថែរក្សាតម្លៃខ្លួនឯងតាមគន្លប្រពៃណី»។ ក្រៅពីការសម្តែងធម៌អប់រំផ្លូវចិត្ត ក្រុមការងារក៏បានបញ្ចូលនូវបំណិនជីវិត សំដៅដល់ការរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា និងការចេះការពារខ្លួនពីឧបាយកលជនខិលខូចដែលបម្រុងនឹងរំលោភបំពាន ឬអូសទាញក្នុងករណីជួញដូរមនុស្ស។

កម្មវិធីនេះបានក្លាយជាគំរូដ៏ល្អក្នុងការប្រើប្រាស់ «ធម៌អប់រំ និងការអប់រំផ្លូវលោក» បញ្ជ្រាបចូលគ្នា ដើម្បីកាត់បន្ថយបញ្ហាសង្គម។ សារដ៏មានឥទ្ធិពលដែលយុវជនទទួលបានគឺការរួមគ្នាថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរឱ្យបានគង់វង្ស និងការដើរលើផ្លូវដ៏ត្រឹមត្រូវដើម្បីអនាគតខ្លួនឯង និងសង្គមជាតិទាំងមូល៕

អត្ថបទ ៖ផូង ថៃ