ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះដាំដើមឈើលម្អបន្ថែមតាមដងផ្លូវលេខ ២០០ ព្រមទាំងចុះសួរសុខទុក្ខអាជីវករ និងពិនិត្យមើលវឌ្ឍនភាពនៃការដាំដើមឈើក្នុងក្រុង ដើម្បីប្រែក្លាយទីក្រុងឱ្យកាន់តែមានសោភ័ណភាព និងបរិស្ថានស្រស់បំព្រង។
រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរជំនាញ និងសប្បុរសជន អនុវត្តគម្រោងដាំដើមឈើលើខ្សែផ្លូវសំខាន់ៗចំនួន ២គឺ៖
១. ផ្លូវលេខ ២០០ (ផ្លូវ៧មករា): គ្រោងដាំដើមត្របែកព្រៃចំនួន ១៨៧ដើម (សម្រេចបាន ១៥១ដើម)។
២. ផ្លូវលេខ ៨០០ (វិថីមិត្តភាព): គ្រោងដាំដើមក្ងោកចំនួន ៨០០ដើម (សម្រេចបាន ១០៦ដើម និងកំពុងបន្តដាំបន្ថែម)។
សាររំលឹក និងការដឹងគុណ៖
ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋជួយថែទាំ និងស្រោចទឹកដើមឈើដែលដាំរួច ដើម្បីឱ្យរុក្ខជាតិទាំងនោះលូតលាស់ល្អ បង្កើនភាពបៃតងពេញផ្ទៃក្រុង។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានប្រគល់លិខិតថ្លែងអំណគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភថវិកា និងដើមឈើ ក្នុងស្មារតីរួមចំណែកកសាងទីក្រុងស្អាត។
អត្ថបទ៖ ម៉ារ៉ាឌី



