រដ្ឋមន្រ្តីសុខាភិបាល៖ «ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ រួមគ្នាកសាងអនាគត ប្រកបដោយភាពធន់ និងចីរភាពនៃវិស័យសុខាភិបាល ដើម្បីសុខភាពប្រជាជនកម្ពជា ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល (UHC)»
រាជធានីភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខាភិបាលបាន មានប្រសាសន៍ខាងលើនេះ នៅក្នុងឳកាសឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំពិនិត្យលទ្ធផលប្រចាំឆ្នាំ២០២៥ និងផែនការសកម្មភាពឆ្នាំ២០២៦ ដោយបានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ មន្ទីរសុខាភិបាលរាជធានី ខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ៧១រូប កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរដល់អង្គការដៃគូអភិវឌ្ឍន៍សុខាភិបាលទាំងអស់ ជាពិសេសអង្គការសុខាភាបពិភពលោក ជាតំណាងដៃគូអភិវឌ្ឍន៍ ដែលបានបន្តបម្រើសេវាជូនប្រជាពលរដ្ឋ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ដោយមានយុទ្ធសាស្រ្តច្បាស់លាស់ និងមានភាពម៉ឹងម៉ាត់ពោរពេញដោយទឹកចិត្តស្រឡាញ់ ក្នុងការបំពេញការងារតាមវិស័យរៀងៗខ្លួន។
កិច្ចប្រជុំនេះ គឺផ្តោតលើការពិភាក្សាជុំវិញបញ្ហាសំខាន់ៗលើការពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ រួមមាន៖ ១) របាយការណ៍ប្រចាំឆ្នាំ ២០២៥ និងការវិភាគស្ថានភាព (SWOT) ២) ប្រតិទិនក្រុមការងារបច្ចេកទេសសុខាភិបាល ២០២៦ ដែលភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រសុខាភិបាល និងសូចនាករតាមដានរួម (JMIs) ៣) ផែនការសកម្មភាពសម្រាប់ដំណើរទស្សនកិច្ចគាំទ្រដល់ក្រុមការងារបច្ចេកទេសសុខាភិបាលថ្នាក់ (TWGH ឆ្នាំ ២០២៦ ៤) ការវាយតម្លៃវឌ្ឍនភាព បញ្ហាប្រឈម និងវិធានការអាទិភាពទាក់ទងនឹងសូចនាករតាមដានរួម។
ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដែលក្រុមការងារបច្ចេកទេសសុខាភិបាល ថ្នាក់ក្រសួង និងថ្នាក់រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការសកម្មភាពការងាររបស់ខ្លួន ក្នុងឆ្នាំ២០២៦ នេះ មានជាអាទិ៍៖ ១) បន្តពង្រឹងគុណភាព និងប្រសិទ្ធភាពកិច្ចដំណើរការប្រជុំរបស់ក្រុមការងារបច្ចេកទេសសុខាភិបាល ២) ពង្រឹងបណ្តាញទំនាក់ទំនង និងផ្តល់ការគាំទ្រដល់ក្រុមការងារបច្ចេកទេសសុខាភិបាលរាជធានី-ខេត្ត (Pro-TWGH) ដោយតាមរយៈការកំណត់នូវយន្តការប្រាស្រ័យទំនាក់ទំនងច្បាស់លាស់ ៣) ក្រុមការងារបច្ចេកទេសសុខាភិបាលរាជធានី-ខេត្ត (Pro-TWGH) ត្រូវធ្វើបច្ចុប្បន្នកម្មព័ត៌មានស្តីពីការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល និង ៤) នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ត្រូវពិនិត្យ និងរៀបចំឡើងវិញ វេទិកាដៃគូសុខាភិបាល (Health Partners Forum) ដែលបានខកខានតាំងពីអំឡុងនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
សូមគូសបញ្ជាក់ដែរថា ក្រសួងសុខាភិបាលនឹងប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូអភិវឌ្ឍន៍ ក្នុងស្មារតីរួបរួមសាមគ្គី តម្កល់ផលប្រយោជន៍រួម គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងអនុវត្តយន្តការប្រឹក្សាជាប្រចាំដើម្បីធានាការអភិវឌ្ឍវិស័យសុខាភិបាល ដើម្បីធានាការបម្រើសេវាប្រកប ដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។



