«រួមគ្នាដើម្បីទីក្រុងស្អាត! ឯកឧត្តម ម៉ាង ស៊ីណេត អំពាវនាវឱ្យពលរដ្ឋ និងអាជីវករចូលរួមថែរក្សាបរិស្ថាន ខណៈចុះសំណេះសំណាលជាមួយក្រុមការងារអនាម័យ»

នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវេទិកា ៧មករា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអនាម័យ និងក្រុមការងារថែទាំសួនច្បារសរុបចំនួន ១៤៣ នាក់ ដែលមកពីក្រុងព្រះសីហនុ ក្រុងកំពង់សោម និងមន្ទីរសាធារណការ។

ឯកឧត្តមអភិបាលបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនកម្មករ កម្មការិនីទាំងអស់។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះការលះបង់របស់បុគ្គលិកអនាម័យ ដែលបានធ្វើឱ្យខេត្តព្រះសីហនុទទួលបានពានរង្វាន់ “ទីក្រុងស្អាតអាស៊ាន” ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន។

ឯកឧត្តមបានលើកឡើងថា ការមានសំរាមច្រើន (ដែលត្រូវបានប្រមូលត្រឹមត្រូវ) បង្ហាញពីកំណើនភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានអំពាវនាវឱ្យ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានល្អ។ អាជីវករតាមដងផ្លូវ ត្រូវដាក់សំរាមក្នុងធុងដែលរដ្ឋបាលបានរៀបចំ  ហើយគ្របភាគីពាក់ព័ន្ធត្រូវរួមគ្នាថែរក្សាទីក្រុងឱ្យ “ស្អាត និងបៃតង” ជាបន្តទៀត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានផ្តល់អំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់បុគ្គលិកទាំង ១៤៣ នាក់ ដោយម្នាក់ៗទទួលបាន៖

• គ្រឿងឧបភោគបរិភោគ៖ អង្ករ ៥០គីឡូក្រាម, ទឹកក្រូច ១កេស, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ត្រសក់ចាវ ១កំប៉ុង និងនំសណ្តែកដី ១កញ្ចប់។

• ថវិកា៖ ចំនួន ២០០,០០០ រៀល។