កិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករ ប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានគោលនយោបាយអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅទូទាំងប្រទេស។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជាបានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗមួយចំនួនដែលសម្រេចបានក្នុងឆ្នាំ២០២៥ រួមមាន ការប្រមូលចំណូលពន្ធនិងអាករចំនួន ១២ ៧៦០,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៣ ១៨១,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ២១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៤ និងត្រូវជាប្រមាណ ១២៤,៥% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ កត្តាសំខាន់ដែលចូលរួមដល់កំណើននៃចំណូលប្រមូលបានក្នុងឆ្នាំ២០២៥ គឺការកើនឡើងនៃការនាំចូលក្រុមទំនិញយានយន្ត និងគ្រឿងចក្រ ដែលជាចំណូលមានកំណើន ៤៤% និងក្រុមទំនិញចម្រុះ ដែលជាចំណូលមានកំណើន ១៦%។
បើគិតជាសមាសភាគចំណូលតាម ប្រភេទពន្ធនិង អាករធៀបនឹងចំណូលសរុប អាករលើ តម្លៃ បន្ថែមមានប្រមាណ ៤០,៥%, អាករពិសេសមានប្រមាណ ៣៥,៥%, ពន្ធគយមានប្រមាណ ១៥,៧%, អាករ បន្ថែម លើ ផលិតផល ប្រេងកាតមានប្រមាណ ៣,៦%, និងអាករ នាំចេញនិង កម្រៃផ្សេងៗមានប្រមាណ ៤,៨%។ ចំពោះសមាសភាគនៃចំណូល តាមក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញយានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៦,៨%, ក្រុមទំនិញចម្រុះមានប្រមាណ ៣២,៦%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២២,៧%, និងសម្ភារសំណង់និងកម្រៃផ្សេងៗ មានប្រមាណ ៧,៩%។
ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ៣៣ ៨៨២,២ លានដុល្លារអាម៉េរិកកើនឡើងប្រមាណ ១៨,៧% ធៀបនឹងឆ្នាំ២០២៤ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, យានយន្តនិងគ្រឿងចក្រ,វត្ថុធាតុដើមវាយនភ័ណ្ឌ, វត្ថុធាតុដើមកម្មន្តសាល, គ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, សារធាតុគីមី, គ្រឿងឧបភោគបរិភោគនិងទំនិញចម្រុះផ្សេងទៀត។
ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ៣០ ៤២៦,១ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៤,៦% ធៀបនឹងឆ្នាំ២០២៤ ដែលក្នុងនោះ ផលិតផលវិនិយោគ កាត់ ដេរមានកំណើន ១៦,៤%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិច ត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពី ឈើ, អំពូល, កង់, ផលិតផលប្លាស្ទិក, ឧបករណ៍និងម៉ាស៊ីនវីដេអូហ្គេម, ស្បែកសត្វ, គ្រឿងសង្ហារិម, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗ ទៀត) មានកំណើន ២០,១%, និងកសិផល(មានជាអាទិ៍ ស្រូវ, គ្រាប់ស្វាយចន្ទី, កៅស៊ូ, ដំឡូង, អង្ករ និងកសិផលផ្សេងៗទៀត) ថយចុះ ៤,៤%។
បន្ថែមពីលើការងារប្រមូលចំណូល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏សម្រេច បាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗផ្សេងទៀត ដូចជា៖ (១). ការធ្វើឌីជីថលភាវូបនីយកម្មនីតិវិធី, (២). ការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មដល់ធុរជនមានអនុលោមភាពខ្ពស់, (៣). ការពង្រឹងការងារបច្ចេកទេសគយ, (៤). ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការអនុវត្តច្បាប់, (៥). កិច្ចសហការជាមួយផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ, (៦). ការងារសវនកម្មនិងការគ្រប់គ្រងហានិភ័យ, (៧). កិច្ចសហប្រតិបត្តិការអន្តរជាតិលើការងារគយ, (៨). ការចូលរួមកសាងច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ, (៩). ការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន, និង (១០). ការងារសង្គម និងមនុស្សធម៌។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរលើការប្រមូលចំណូល និងលើការដ្ឋានការងារផ្សេងទៀត របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាទោះបីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនរួមមាន ការបិទព្រំដែនគោករវាងកម្ពុជា-ថៃចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៥ មក, ភាពមិនប្រាកដប្រជាដ៏ស្រួចស្រាវនៃស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចជាសកល, ការប្រកាសដាក់ពន្ធបដិការដោយសហរដ្ឋអាម៉េរិកកាលពីដើមត្រីមាសទី២ ឆ្នាំ២០២៥, ការបន្តអូសបន្លាយនូវសង្គ្រាមរុស្សី-អ៊ុយក្រែន និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយនានា ជាដើម។ ឯកឧត្ដមអគ្គបណ្ឌិត-សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងនៅតែបន្តគាំទ្រដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។
ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលចំណូលនិងការងារផ្សេងទៀត បន្ថែមលើផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការណែនាំសំខាន់ៗសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ នូវការងារមួយចំនួនដែលរួមមាន ការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងអំពើរត់គេចពន្ធ និងការនាំចូលទំនិញហាមឃាត់នានា, ការពង្រឹងអនុលោមភាពពាក់ព័ន្ធវិធានដើមកំណើតចំពោះផលិតផលនាំចេញ, ការបន្តជំរុញធ្វើបរិវត្តកម្មឌីជីថលក្នុងកិច្ចប្រតិបត្តិការគយ ដោយកំណត់ចក្ខុវិស័យឱ្យរដ្ឋបាលគយកម្ពុជាអនុវត្តដោយពេញលេញនូវប្រព័ន្ធស្វ័យប្រវត្តិកម្មនាពេលខាងមុខ, ការបង្កើនចំនួនក្រុមហ៊ុនជាសមាជិកប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO),ការបន្តយកចិត្តទុកដាក់អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ពិសេសវិធានការពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងកែលម្អបរិយាកាសវិនិយោគ, ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តយន្តការលើកទឹកចិត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs), និងការពង្រឹងប្រសិទ្ធភាពការងារ និងលើកកម្ពស់អភិបាលកិច្ច ជាដើម។



