ប្រទេសជប៉ុន និងកម្មវិធីស្បៀងអាហារពិភពលោកនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងគម្រោងមួយដែលមានទំហំទឹកប្រាក់ ១,៥ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ ការស្ដារសហគមន៍ដែលរងការខូចខាតពីជម្លោះព្រំដែនឡើងវិញ
ប្រទេសជប៉ុន និងកម្មវិធីស្បៀងអាហារពិភពលោកនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងគម្រោងមួយដែលមានទំហំទឹកប្រាក់ ១,៥ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ ការស្ដារសហគមន៍ដែលរងការខូចខាតពីជម្លោះព្រំដែនឡើងវិញ
ភ្នំពេញ៖ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ រវាងរដ្ឋាភិបាលជប៉ុន និងកម្មវិធីស្បៀងអាហារពិភពលោក ស្តីពីគម្រោង ‹‹ស្ដារជីវភាពរស់នៅ និង ការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ››។
ពិធីខាងលើត្រូវបានប្រារព្វធ្វើឡើងនៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ឃ្យុងណាន់ ផាក តំណាង និងនាយិកា នៃកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឈរនៅក្បែរ និងផ្តល់ការគាំទ្រដល់កម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសតាមរយៈការផ្តល់ជំនួយឥតសំណងចំនួន ២២១ លានយ៉េន (ប្រមាណ ១.៥ លានដុល្លារអាមេរិក) តាមរយៈកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ដើម្បីអនុវត្តគម្រោង ‹‹ស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ››។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះកម្មវិធីស្បៀងអាហារពិភពលោក ដែលជាដៃគូយុទ្ធសាស្ត្រដ៏សកម្មរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយ ក្នុងការងារគ្រប់ គ្រងគ្រោះមហន្តរាយនៅព្រះរាជាណាចក្រកម្ពុជា។



