លទ្ធផលនៃកិច្ចប្រជុំ“បូកសរុបលទ្ធផលនៃការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥”

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានរៀបចំកិច្ចប្រជុំ “បូកសរុបលទ្ធផលនៃការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន គ.អ.ទ.ស. ដោយមានការចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០នាក់ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ។ 

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្ត “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាបឆ្នាំ២០២៥” បញ្ហាប្រឈមនានាក្នុងខេត្តសៀមរាប និងកំណត់ទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៦ ដើម្បីបង្កើនភាពទាក់ទាញវិស័យទេសចរណ៍នៅខេត្តសៀមរាប ក៏ដូចជាការលើកស្ទួយវិស័យទេសចរណ៍កម្ពុជាជារួម។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានអង្គប្រជុំបានគូសបញ្ជាក់អំពីស្ថានភាពទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥ ដោយទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៤,២លាននាក់ កើនឡើង ៣០,២៨% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះទទួលបានភ្ញៀវទេសចរជាតិចំនួន ៣,២៤លាននាក់ (កើនឡើង ៤៧,៥%) និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៩៥,៥ ម៉ឺននាក់ ថយចុះ -៦,៧% ដែលនេះបង្ហាញថាស្ថានភាពទេសចរណ៍ខេត្តសៀមរាបពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរជាតិ។ ជាការកត់សម្គាល់ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ ដែលមកខេត្តសៀមរាប រួមមាន៖ អាមេរិក, អង់គ្លេស, បារាំង, ចិន, ជប៉ុន, អាល្លឺម៉ង, អូស្ត្រាលី, កូរ៉េខាងត្បូង, ឥណ្ឌា និងអេស្ប៉ាញ។  បន្ថែមពីនេះ ខេត្តសៀមរាបក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា ការថយចុះនៃភ្ញៀវទេសចរអន្តរជាតិ ដោយសាររងឥទ្ធិពលពីភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដែលបានកើតឡើងតាំងពីខែកក្កដា ឆ្នាំ២០២៥ រហូតមក។ 

ឯកឧត្តមប្រធានអង្គប្រជុំបានរំលឹកបន្ថែមផងដែរថា រាជរដ្ឋាភិបាលបានដាក់ចេញ “វិធានការគន្លឹះអភិវឌ្ឍន៍ ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” កាលពីខែមីនា ឆ្នាំ២០២៥ ដែលមានវិធានការគន្លឹះចំនួន ០៧ ដើម្បីប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និងបានដាក់ឱ្យប្រើប្រាស់សូចនាករត្រួតពិនិត្យការអនុវត្តយ៉ាងហ្មត់ចត់។

ជាលទ្ធផល អង្គប្រជុំសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលធ្វើដំណើរពីប្រទេសចិនមកកម្ពុជា ដោយផ្តល់រយៈពេលស្នាក់នៅ ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងរដូវបៃតង (Green Season)។​ អង្គប្រជុំបានវាយតម្លៃថា ខេត្តសៀមរាបនឹងបន្ត “ពង្រឹងសមត្ថភាពប្រកួតប្រជែង” បន្ថែមទៀត ខណៈដែលមានហេដ្ឋារចនាសម្ព័ន្ធថ្មីៗ (អាកាស-យានដ្ឋានអន្តរជាតិ,ផ្លូវ) ជាទ្រព្យសកម្មយុទ្ធសាស្ត្រ គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ។ ជារួម អង្គប្រជុំគាំទ្រ និងឯកភាពក្នុងបន្តធ្វើបច្ចុប្បន្នភាពវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ឆ្ពោះទៅឆ្នាំ២០២៨។ ព្រមជាមួយគ្នានេះ ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ប្តេជ្ញាបន្តចូលរួមអនុវត្តលើសកម្មភាពដែលពុំទាន់បានអនុវត្តតាមភារៈកិច្ចរៀងៗខ្លួន។

អង្គប្រជុំបានឯកភាពដាក់ចេញនូវទិសដៅអនុវត្តឆ្នាំ២០២៦ និងគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពី  សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖

១.​គោរពស្នើសុំការគាំទ្រជាគោលការណ៍ដ៏ខ្ពង់ខ្ពស់លើ “គម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍សហគមន៍ធម្មជាតិកំពង់ភ្លុក” ដើម្បីប្រែក្លាយតំបន់នេះទៅជាគំរូនៃការអភិវឌ្ឍទេសចរណ៍សហគមន៍ផ្សារភ្ជាប់នឹងការអភិរ​ក្ស​​ និងជាការធ្វើពិពិធកម្មគោលដៅក្រៅពីអង្គរ (យោងតាមអង្កេតឆ្នាំ២០១៩៖ ភ្ញៀវទេសចរប្រមាណជា៩៣% ទៅលេងតំបន់អង្គរ, ១២%ទៅលេងឧទ្យានជាតិព្រះជ័យវរ្មន័-នរោត្តម “ភ្នំគូលេន” និងមានរហូតដល់ ៤១% ទៅលេខតំបន់បឹងទន្លេសាប។)

២. គោរពស្នើសុំប្រគល់ ឯកសារទស្សនាទាន “អភិវឌ្ឍន៍សង្កាត់ទេសចរណ៍គំរូ” ជូនទៅអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកក្រុងសៀមរាប ដែលមានរដ្ឋបាលខេត្តសៀមរាបជាប្រធាន ដើម្បីទទួលខុសត្រូវដឹកនាំអនុវត្តផ្ទាល់។

៣.​ឯកភាពរៀបចំផែនការអនុវត្តបន្តចាប់ផ្តើមពីឆ្នាំ២០២៦ ដើម្បីគាំទ្រការអភិវឌ្ឍទេសចរណ៍សៀមរាប-អង្គរ ក្នុងបរិបទដែលមានការប្រកួតប្រជែងខ្ពស់ និងភាពតានតឹងនៃស្ថានភាពព្រំដែនជាមួយប្រទេសជិតខាង ដែលទាមទារឱ្យមានការដាក់ចេញនូវ “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដំណាក់កាលទី២ (២០២៦-២០២៨)” ក្នុងការអភិវឌ្ឍទេសចរណ៍សៀមរាប-អង្គរ ដោយធ្វើការរំកិលសកម្មភាពការងារពីឆ្នាំ២០២៥ ទៅ២០២៦-២០២៨។ ក្នុងន័យនេះ អង្គប្រជុំឯកភាពគោរពសុំការអនុញ្ញាតពី សម្តេចបវរធិបតី ក្នុងការប្រគល់ភារកិច្ចឱ្យ គ.អ.ទ.ស. ដឹកនាំសម្របសម្រួលវិធានការនេះឱ្យស្របតាមស្ថានភាពជាក់ស្តែងនៃទេសចរណ៍ខេត្តសៀមរាប។

៤. គ្រប់អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក (Sub-DMOs) ត្រូវរៀបចំផែនការការងារ (Work Plan)សម្រាប់ឆ្នាំ២០២៦។ ទន្ទឹមនេះ ត្រូវជំរុញបន្តការអនុវត្តការងារដែលនៅសេសសល់ដែលបាននិងកំពុងធ្វើ និងមិនទាន់ធ្វើ ដែលមានក្នុងវិធានការគន្លឹះឆ្នាំ២០២៥ និងបន្តអនុវត្តការងារចាំបាច់តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ​សម្តេចបវរធិបតី ពាក់ព័ន្ធនឹងការអភិវឌ្ឍទេសចរណ៍ នៅខេត្តសៀមរាប ពិសេសនៅតាមគោលដៅអាទិភាពនីមួយៗនៅក្នុងខេត្ត ក្នុងនោះ អង្គភាពគ្រប់គ្រងដោយឡែកបឹងទន្លេសាប ត្រូវដាក់ឆ្លងក្រុមប្រឹក្សាគ្រឹះស្ថានអង្គរនូវគម្រោងអភិវឌ្ឍ​ន៍តំបន់ទេសចរណ៍ភ្នំក្រោម និងចុងឃ្នាស និងគោរពស្នើសុំការសម្រេចជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចបវរធិបតី តាមរយៈ គ.អ.ទ.ស។ ចំពោះអង្គភាពគ្រប់គ្រងដោយឡែកភ្នំគូលែន ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ត្រូវពន្លឿនបញ្ចប់ឯកសារ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍នៅភ្នំគូលែន”។ 

ជាចុងក្រោយ ក្នុងនាមប្រធាន គ.អ.ទ.ស. ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រលើដំណើរការការងាររបស់ គ.អ.ទ.ស. ក្នុងការបំពេញភារកិច្ចតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាលប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការផ្តល់មតិយោបល់យ៉ាងផុលផុស៕