គណៈកម្មការទី១ នៃព្រឹទ្ធសភា ចុះឈ្វេងយល់ពីការអនុវត្តសិទ្ធិមនុស្ស និងការដោះស្រាយបណ្តឹងនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី១ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ដើម្បីឈ្វេងយល់អំពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងយន្តការដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរមូលដ្ឋាន។
ការប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិសេរីភាព និងនីតិរដ្ឋ
ក្នុងជំនួបនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិនានា ដើម្បីការពារសិទ្ធិពលរដ្ឋ រួមមាន៖
• សិទ្ធិនយោបាយ និងសិទ្ធិរស់រានមានជីវិត។
• សេរីភាពក្នុងការបញ្ចេញមតិ ការដើរហើរ និងជំនឿសាសនា។
• សិទ្ធិទទួលបានការអប់រំ ចំណីអាហារ និងកម្មសិទ្ធិស្របច្បាប់។
ជាមួយគ្នានេះ ខេត្តបានពង្រឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ យន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ត្រូវបានចាត់ទុកជាការងារអាទិភាព។ យោងតាមរបាយការណ៍ឆ្នាំ២០២៥ លទ្ធផលសម្រេចបានមានដូចជា៖
• សំណុំរឿងសរុប៖ ៤៦៨ ករណី។
• ដោះស្រាយ និងសម្របសម្រួលរួច៖ ៣៧ ករណី។
• ឆ្លើយតបទៅម្ចាស់បណ្តឹង និងស្ថាប័នពាក់ព័ន្ធ៖ ២៥៨ ករណី។
• កំពុងបន្តស្រាវជ្រាវដោះស្រាយ៖ ៤០ ករណី (ក្រៅពីនោះបានចាត់ចែងតាមនីតិវិធីរដ្ឋបាល និងរក្សាទុក)។
ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសលើការគ្រប់គ្រងពន្ធនាគារបានល្អ ការការពារសិទ្ធិមនុស្ស និងការផ្តល់សេវាគាំពារសង្គម។
ឯកឧត្តមបានផ្តល់អនុសាសន៍បន្ថែមដល់រដ្ឋបាលខេត្ត ឱ្យបន្តជំរុញ៖
១. កម្លាំងយុវជន៖ ប្រែក្លាយយុវជនឱ្យទៅជាកម្លាំងផលិតដ៏រឹងមាំដើម្បីសេដ្ឋកិច្ច។
២. ការងារមនុស្សធម៌៖ បន្តសម្របសម្រួលជួយដល់ជនភៀសសឹក និងពលករវិលត្រឡប់ពីក្រៅប្រទេស។
៣. អភិបាលកិច្ចល្អ៖ ពង្រឹងគោលនយោបាយវិមជ្ឈការ តាមរយៈយន្តការ “ច្រកចេញចូលតែមួយ” ដើម្បីឆ្លើយតបសំណូមពរពលរដ្ឋឱ្យបានទាន់ចិត្ត និងមានប្រសិទ្ធភាព។

សម្រួលអត្ថបទ៖ ម៉ារ៉ាឌី