ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលសន្និសីទបូកគោ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោមកិច្ចសហការរួមគ្នារវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត បានធ្វើឱ្យការអភិវឌ្ឍមានការរីកចម្រើន និងដំណើរការដោយរលូនមិនមានការរាំងស្ទះណាមួយឡើយ ដែលនេះបានបង្ហាញពីការខិតខំពីគ្រប់ភាគីដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋជារួម។ ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្នខេត្តនៅតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តមានចំនួនច្រើនគួរឱ្យកត់សម្គាល់ បើទោះបីជាបណ្តាខេត្តមួយចំនួនមានការថយចុះនៃចំនួនភ្ញៀវទេសចរ ដែលនេះបានបង្ហាញឱ្យឃើញថា ខេត្តកំពតគឺជាទីចាប់អារម្មណ៍របស់ទេសចរ ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការរៀបចំទីតាំងរមណីយដ្ឋាន ក៏ដូចជាទីតាំងកម្សាន្តផ្សេងៗ។
ក្នុងកចិ្ចប្រជុំនេះ ឯកឧត្តម ម៉ៅ ធនិន បានគូសបញ្ចាក់បន្ថែមថា ក្នុងនាមអាជ្ញាធរខេត្តនៅតែបន្តមានគម្រោងអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសការអភិវឌ្ឍលើវិស័យទេសចរណ៍ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងខេត្ត ព្រោះពលរដ្ឋក្នុងខេត្តភាគច្រើនអាចទាញយកចំណូលប្រចាំថ្ងៃតាមរយៈវិស័យឧស្សាហកម្មគ្មានផ្សែងមួយនេះ។ ឯកឧត្តមអភិបាលខេត្តក៏បានបន្តថា នៅពេលដ៏ខ្លីខាងមុខនេះសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀតនឹងលេចចេញជារូបរាងនៅកណ្តាលក្រុងកំពត ហើយសមិទ្ធផលនោះគឺកន្លែងថតរូបមានរូបរាងជាបាតដៃទ្រវ៉េរ៉ង់ដា មានកម្ពស់ ១២ម៉ែត្រ ដែលអាចឱ្យភ្ញៀវទេសចរឡើងថតរូបដោយភ្ជាប់ជាមួយនឹងទេសភាពភ្នំបូកគោ ព្រែកកំពង់បាយ ស្ពានឥន្ទធនូ និងស្ពានថ្មថ្មីជាដើម ពិសេសទេសភាពថ្ងៃរៀបលិច។ ឯកឧត្តមអភិបាលខេត្តជឿជាក់ថា សមិទ្ធផលនេះនឹងសាងសង់រួចរាលមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរមកដល់ ហើយសមិទ្ធផលទេសចរណ៍ថ្មីមួយនេះនិងមានភាពទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន ក៏បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៩ កងកម្លាំងគ្រប់ប្រភេទ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាបន្តទប់ស្កាត់ចុះបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ចំពោះបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅគ្រប់មូលដ្ឋាន តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ និងការចង្អុលបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល៕



