ក្រុមអ្នកអភិរក្សជួយសង្រ្គោះ និងលែង ប្រភេទត្រីជិតផុតពូជជាង៣០ក្បាល ចូលទន្លេមេគង្គវិញ

ភ្នំពេញ ៖ តាមការឱ្យដឹងពី គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ កាលពីថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រុមការងារ នៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានសម្រេចលែងប្រភេទត្រីកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ដូចជាត្រីត្រសក់តូចៗ និងត្រីគល់រាំង សរុបចំនួន៣៤ក្បាល ចូលក្នុងទន្លេមេគង្គវិញ។

លោក ហ្សេប ហូហ្គេន អ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សាកលវិទ្យាល័យណេវ៉ាដា រីណូសហរដ្ឋអាម៉េរិក សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល, មហាវិទ្យាល័យជលផល និងវារីវប្បកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម រួមជាមួយតំណាងសារមន្ទីរ Lee Kong Chian Natural History Museum នៃសាកលវិទ្យាល័យជាតិសិង្ហបុរី និងប្រជានេសាទ។ ក្រុមការងារនៃគម្រោងអច្ឆរិយភាពបានឱ្យដឹងថា ត្រីដែលបានលែងមានសរុបចំនួន៣៤ក្បាល ខណៈត្រីទាំងនោះ ទទួលបានមកពីអ្នកចិញ្ចឹមត្រីឯកជន និងប្រជានេសាទ ក្នុងចន្លោះឆ្នាំ២០២៥ ដល់២០២៦។

ចំនួនត្រីដែលប្រជានេសាទផ្ដល់ជូន ត្រូវបានក្រុមការងារបានកំណត់អត្តសញ្ញាណបំពាក់ស្លាក និងលែង ទៅក្នុងទន្លេមេគង្គម្តុំកោះឧកញ៉ាតី និងនៅមុខព្រះបរមរាជវាំង មានដូចជា៖ ត្រីរាជចំនួន២ក្បាល មានទម្ងន់ចាប់ពី១០ទៅ៣០គីឡូក្រាម, ត្រីគល់រាំងចំនួន១០ក្បាល ដែលមានទម្ងន់ចាប់ពី៧ ទៅ២០គីឡូក្រាម, ត្រីត្រសក់ចំនួន១៩ក្បាល ដែលមានទម្ងន់ចាប់ពី០,៣ដល់៦គីឡូក្រាម, ត្រីប្រាធំ១ក្បាល មានទម្ងន់ប្រហែល ៤,៥គីឡូក្រាម, ត្រីសណ្តាយ១ក្បាល ប្រហែល១៣គីឡូក្រាម, និងត្រីស្ទក់១ក្បាល មានទម្ងន់ប្រហែល៣,៥គីឡូក្រាម៕