គណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមអបអរសាទរ និងជូនពរថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាជនខេត្តឡឹមដុង និងខេត្តដាក់ឡាក់ ប្រទេសវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិវៀតណាម
ខេត្តឡឹមដុង និងខេត្តដាក់ឡាក់ ៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ គណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ថង សាវុន អភិបាលខេត្ត និងលោកជំទាវ ហេង លីដែន ភរិយាឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងគណៈប្រតិភូនៃខេត្តមណ្ឌលគិរី អញ្ជើញចូលរួមអបអរសាទរ និងជូនពរដ៏ស្មោះអស់ពីចិត្ត ចំពោះថ្នាក់ដឹកនាំ និងប្រជាជនក្នុងខេត្តឡឹមដុង ដឹកនាំដោយឯកឧត្តម ហោ វ៉ាន់ម៉ើយ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តឡឹមដុង និងខេត្តដាក់ឡាក់ ដឹកនាំដោយឯកឧត្តម លឿងង្វៀន មិញជៀត សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស លេខាគណៈកម្មាធិការគណបក្សខេត្ត នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩-១១ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី បានចូលរួមក្នុងពិធីជួបសំណេះសំណាលអបអរសាទរ និងជូនពរ ដ៏ស្មោះអស់ពីចិត្ត ចំពោះ ឯកឧត្តម លេខាបក្សខេត្ត ឯកឧត្តម ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំង ថ្នាក់ដឹកនាំបក្សរដ្ឋ មន្ត្រីរាជការ កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនក្នុងខេត្តឡឹមដុង និងខេត្តដាក់ឡាក់ ប្រទេសវៀតណាម នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិវៀតណាម នាថ្ងៃទី១៦-១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ។ ឯកឧត្តម បញ្ជាក់ថា ជាការពិតណាស់ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និយាយរួម និង និយាយដោយឡែក រវាងខេត្តមណ្ឌលគិរី ជាមួយខេត្តឡឹមដុង និងខេត្តដាក់ឡាក់ កើតមានឡើងតាំងពីយូរលង់ណាស់មកហើយ ទាំងកិច្ចការងារ សេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចការងារសំខាន់ៗជាច្រើនទៀត ដោយភាគីទាំងពីរត្រូវបន្តសហការអនុវត្តការងាររឹតចំណងមិត្តភាព សាមគ្គីភាពនេះឱ្យកាន់តែល្អប្រសើរ និងជិតស្និទថែមទៀត។ ឯកឧត្តម សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជនខេត្តទាំងពីរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាមឆ្នាំ២០២៦ខាងមុខនេះ សូមមានសុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យថ្មីៗ ដែលរដ្ឋាភិបាលប្រគល់ជូន សូមឱ្យជៀសផុតចាកឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ទាំងអស់គ្នា និងមានសុភមង្គលនៅក្នុងគ្រប់ក្រុមគ្រួសារ។
ឯកឧត្តម ហោ វ៉ាន់ម៉ើយ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡឹមដុង និងឯកឧត្តម លឿងង្វៀន មិញជៀត សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស លេខាគណៈកម្មាធិការគណបក្សខេត្ត បានទទួលស្វាគមន៍ និងថ្លែងអំណរគុណដល់ប្រតិភូនៃខេត្តមណ្ឌលគិរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមអបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំ និងប្រជាជននៃខេត្តទាំងពីរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិវៀតណាមនាពេលនេះ។ ឯកឧត្តម នៃខេត្តទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក និងបន្តជំរុញការងារកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែល្អ ប្រសើរឡើងថែមទៀត នាពេលអនាគត ក្នុងនោះដែរ ខេត្តទាំងពីរ ក៏បានយកចិត្តទុកដាក់បន្តអនុវត្តការងាររឹតចំណងមិត្តភាព សាមគ្គីភាពនេះ ឱ្យកាន់តែជិតស្និទ្ធថែមទៀត តាមរយៈការចាត់តាំងប្រតិភូខេត្ត ធ្វើទស្សនកិច្ចសិក្សា ផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ការចូលរួមអបអរសាទរ និងជូនពរក្នុងឱកាសនៃពិធីបុណ្យប្រពៃណីជាតិរបស់ប្រទេសនីមួយៗ។
នាឱកាសនោះ គណៈប្រតិភូនៃខេត្តមណ្ឌលគិរី បានអញ្ជើញទស្សនកិច្ច បំពេញការងារ និងជូនពរឆ្នាំថ្មី នៅក្រុមហ៊ុនភាគហ៊ុនកៅស៊ូ ដាកឡាក់ (ដាករកូ) ដើម្បីឱ្យភាគីទាំងពីរ បន្តពង្រីកកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ដើម្បីពង្រឹង និងអភិវឌ្ឍទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ៕



