រោងចក្រកែច្នៃស្បែក ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បាននិងកំពុងអនុវត្តវិធានការកែលម្អ លើការគ្រប់គ្រងសំណល់រាវ តាមបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន
ខេត្តព្រះសីហនុ ៖ រោងចក្រកែច្នៃស្បែក របស់ក្រុមហ៊ុន CS TAN Co., Ltd. ស្ថិតនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានក្រុមការងារជំនាញក្រសួងបរិស្ថាន ពិនិត្យឃើញថាបាន អនុវត្តវិធានការកែលម្អលើការគ្រប់គ្រងសំណល់រាវ បន្ទាប់ពីក្រសួងបរិស្ថាន បានចេញបញ្ជាកែប្រែទប់ស្កាត់ការបំពុលបរិស្ថាន ដោយសារការបញ្ចេញសំណល់រាវកខ្វក់ ដែលបានប៉ះពាល់ដល់បរិស្ថាននាពេលកន្លងទៅ។ ការចូលរួមអនុវិធានការកែលម្អនេះ រួមមានទាំងការសាងសង់ អាងប្រព្រឹត្តិកម្មសំណល់រាវ ដែលរហូតមកដល់ពេលនេះសម្រេចបានចំនួន៨០% និងគ្រោងនឹងបញ្ចប់ នាខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានពិនិត្យឃើញថា នាពេលបច្ចុប្បន្ន រោងចក្របានផ្អាកសកម្មភាពខ្សែចង្វាក់ ផលិតកម្មបញ្ចេញសំណល់រាវ (ផ្នែកក្រឡុក និងលាងសម្អាតស្បែក)។ ជាមួយគ្នានេះ នៅតាមប្រឡាយធម្មជាតិ ដែលស្ថិតនៅក្បែរស្រះស្តុក ពុំឃើញមានសំណល់រាវហូរចូលនោះទេ។
សូមបញ្ជាក់ថា រោងចក្រកែច្នៃស្បែកនេះ បានសន្យាអនុវត្តវិធានការសម្អាតអនាម័យបរិស្ថាន ឱ្យបានស្អាត និងធ្វើការដកបំពង់ទុយោខ្មៅ ចេញពីស្រះស្តុកចុងក្រោយ កុំឲ្យមានទឹកហូរចេញពីស្រះស្តុក មុនពេលដំណើរផលិតកម្ម និងការបញ្ចេញសំណល់រាវ ឱ្យបានត្រឹមត្រូវឡើងវិញ។ ជាមួយគ្នានេះ រោងចក្របានយល់ព្រម បន្តអនុវត្តវិធានការបន្តទៀត ក្នុងការសាងសង់អាងប្រព្រឹត្តិកម្ម ឱ្យឆ្លើយតបនឹងការសម្អាតសំណល់រាវ ប្រភេទកែច្នៃស្បែក និងធ្វើការបំពាក់អាងបឋម សម្រាប់ធ្វើការដក ឬសម្អាតសារធាតុអំបិល និងអាស៊ីត ចេញជាមុន មុននឹងឆ្លងទៅដំណាក់កាលធ្វើការសម្អាតពេញលេញ។
ក្រសួងបរិស្ថានជាថ្មីម្តងទៀត សូមថ្លែងអំណរគុណដល់រោងចក្រ សហគ្រាសនិងក្រុមហ៊ុន ទាំងឡាយដែលបានប្រតិបត្តិល្អតាមច្បាប់ ជាពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា ចូលរួមការពារ និងទប់ស្កាត់ការបំពុលបរិស្ថាន ដើម្បីរក្សាបាននូវតុល្យភាពបរិស្ថានល្អ ការពារសុខភាពរបស់កម្មករ និយោជិក លើកកម្ពស់សុខភាពសាធារណៈ និងបរិស្ថាននៅកម្ពុជា៕



