ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាវាយកូនបាល់សាកល្បង នៅសាលាវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានគូសបញ្ជាក់ថា ការលើកកម្ពស់វិស័យអប់រំ ឬការពង្រឹងធនធានមនុស្ស គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយក្នុងនាមអាជ្ញាធរស្រុក លោកចង់ឃើញសិស្សនុសិស្សមានភាពស្វាហាប់ ខិតខំរៀនសូត្រឱ្យពូកែលើគ្រប់មុខវិជ្ជាតាមកម្មវិធីសិក្សារបស់ក្រសួង។ លោកអភិបាលស្រុកបានបន្ថែមថា មានតែចំណេះវិជ្ជាមួយគត់ ដែលអាចជួយឱ្យអនាគតសិស្សានុសិស្ស គ្រួសារ និងសង្គមជាតិ មានភាពរីកច្រើនរុងរឿង។ ហើយក្នុងនោះ ការនាំគ្នាលេងកីឡាដើម្បីមានសុខភាពមាំមួន ទាំងរាងកាយ និងបញ្ញាស្មារតី ដើម្បីបម្រើដល់ការសិក្សារៀនសូត្រឱ្យកាន់តែពូកែ មិនមែនលេងកីឡាហើយបោះបង់ការសិក្សានោះទេ ហើយការលេងកីឡា ក៏ដើម្បីរក្សាមិត្តភាព សាមគ្គីភាព និងជៀសឆ្ងាយពីអំពើអបាយមុខទាំងឡាយផងដែរ។
សិស្សានុសិស្សដែលបានចូលរួមក្នុងការប្រកួតកីឡាវាយកូនបាល់ (Baseball) បានបង្ហាញអារម្មណ៍ភាពសប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុក និងលោកគ្រូអ្នកគ្រូ ក្នុងការផ្តល់ឱកាសឱ្យពូកគេបានសិក្សារៀនសូត្រ និងបានលេងកីឡាវាយកូនបាល់យ៉ាងសប្បារីករាយ និងមានឱកាសចេញទៅប្រកួតនៅប្រទេសចិនផងដែរ។
ចំណែកឯគ្រូបង្វឹកកីឡាវាយកូនបាល់ (Baseball) លោក លី ជិន លិន បានវាយតម្លៃថា ឆ្លងកាត់ការបង្វឹក និងការប្រកួតសាកល្បងក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ លោកសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា សិស្សានុសិស្សវិទ្យាល័យទាំង៣ក្នុងស្រុកទឹកឈូ ដែលជាថ្នាលដំបូងនៃកីឡាវាយកូនបាល់ នឹងអាចលេងបានកាន់តែល្អ ដើម្បីឈានចេញទៅប្រកួតលក្ខណៈមិត្តភាពនៅប្រទេសចិនក្នុងខែកក្តដាខាងមុខនេះ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



