សិក្ខាសាលា ស្តីពី «លទ្ធផលការសិក្សាស្រាវជ្រាវ នៃការវិភាគគោលនយោបាយ ចំពោះការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការស្តារឡើងវិញ សកម្មភាពត្រៀមបង្ការជាមុន និងការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅប្រទេសកម្ពុជា»
នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ជួប ប៉ារីស រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «លទ្ធផលការសិក្សាស្រាវជ្រាវនៃការវិភាគគោលនយោបាយ ចំពោះការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការស្តារឡើងវិញ សកម្មភាពត្រៀមបង្ការជាមុន និងការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅប្រទេសកម្ពុជា»។
ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ បណ្តាលមកពីកើនឡើងកម្តៅលើផែនដី ដែលប៉ះពាល់ដោយសារការបំភាយឧស្ម័នឧស្សាហកម្មផ្ទះកញ្ជក់ ឧស្សាហកម្មធំៗលើពិភពលោក ដែលធ្វើឱ្យប្រទេសជាច្រើនរងគ្រោះ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា យន្តការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ គឺមានសារៈសំខាន់ខ្លាំងចំពោះប្រទេសកម្ពុជា និងពិភពលោក ហើយគម្រោងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុមិនមែនទើបតែចាប់ផ្តើមនៅពេលពិភពលោករងគ្រោះធ្ងន់ធ្ងរនោះទេ ។យន្តការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ហើយប្រទេសកម្ពុជាបានចូលរួមជាសមាជិក អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC ក្នុងឆ្នាំ ១៩៩៦ និង UNFCCC សម្រេចបានកិច្ចព្រមព្រៀងផ្លូវការ នៅឆ្នាំ២០១៥។
លោក ម៉ម សម្បត្តិ នាយកអង្គការ D P A មានប្រសាសន៍ថា សិក្ខាសាលានេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងគម្រោង «ការកែលម្អភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា» ដែលអនុវត្តដោយសមាគមថែរក្សា បរិស្ថាន និងវប្បធម៍ និងអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាពក្រោមជំនួយរាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈអង្គការ ការីតាសអូស្រ្តាលី ដែលរួមចំណែកក្នុងការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍ងាយរងគ្រោះ ដែលស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដោយអនុវត្ត យុទ្ធសាស្ត្រការបន្សាំ ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ជក់ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយរួមបញ្ចូល សមភាពយែនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម លើ ៩៦ភូមិ ៣២ឃុំ និង១១ស្រុក ក្នុងខេត្តរតនៈគិរី និងខេត្តស្ទឹងត្រែង។
លោក Joseph Kodamanchaly នាយកស្តីទីប្រចាំប្រទេស ការីតាសអូស្រ្តាលី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអូស្ត្រាលី-កម្ពុជា ក្រសួងបរិស្ថាន ក្រសួង-ស្ថាប័ន និងអង្គការជាតិ-អន្តរជាតិ ដែលពាក់ព័ន្ធ និងបានរួមសហការគ្នា ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមរបស់ពិភពលោក និងសម្រេចបានជោគជ័យនូវគម្រោងនេះ និងសម្ធិផលដូចសព្វថ្ងៃ។
សូមបញ្ជាក់បន្ថែមថា ការសិក្សាវិភាគ និងឆ្លុះបញ្ចាំងពី សមភាពយែនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម នៅក្នុងគោលនយោបាយនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការស្តារឡើងវិញ សកម្មភាពត្រៀមបង្ការជាមុន និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដើម្បីចូលរួមជាមួយស្ថាប័នរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកិច្ចការនារី និងក្រសួងបរិស្ថាន ក្នុងការពិនិត្យ និងកែសម្រួលគោលនយោបាយដើម្បីឆ្លើយតប នឹងតម្រូវការរបស់ក្រុមដែលងាយរងគ្រោះ រួមទាំងស្រ្តី ជនជាតិដើមភាគតិច និងជនមានពិការភាព៕



