គុនខ្មែរអង្រួនឆ្នេរព្រះសីហនុ៖ ការបើកព្រឹត្តិការណ៍ជើងឯកពិភពលោក ឆ្នាំ២០២៥ ក្រោមវត្តមានកីឡាករមកពី ១៩ ប្រទេស!

ខេត្តព្រះសីហនុ – នាវេលាម៉ោង ១៧:០០ នាទីល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានតេជោ ខេត្តព្រះសីហនុ បានប្រារព្ធពិធីបើកព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯក «គុនខ្មែរពិភពលោក» យ៉ាងអធិកអធម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងប្រសាសន៍ដោយសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួនដូចជាការរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ មានគោលបំណងចម្បងក្នុងកិច្ចការពារ និងផ្សព្វផ្សាយមរតកក្បាច់គុនខ្មែរឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនោះ វាក៏ជាឱកាសមាសក្នុងការបង្ហាញពីសក្តានុពលទេសចរណ៍ឆ្នេរសមុទ្រកម្ពុជា ទៅកាន់ពិភពលោក ក្រោមមូលបទ «កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងរាក់ទាក់ស្វាគមន៍»។

ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្តកំពុងបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលជា «មាសបៃតង» និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់។ ដោយឡែកចំពោះវិស័យកីឡា ឯកឧត្តមបានមានប្រសាសន៍ថា៖

“យើងត្រូវសហការគ្នាអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ទាំងក្នុងក្របខណ្ឌបច្ចេកទេស និងការអនុវត្ត ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីយើងឱ្យកាន់តែខ្លាំងពូកែ និងមានថាមពលសម្រាប់ដណ្តើមជ័យជម្នះគ្រប់ការប្រកួត”។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានរំលឹកពីសារៈសំខាន់នៃកីឡាចំពោះសុខភាពមហាជន ដោយជំរុញឱ្យប្រជាពលរដ្ឋគ្រប់វ័យចូលរួមហាត់ប្រាណ ដើម្បីបង្ការជំងឺនានា និងកាត់បន្ថយការចំណាយលើសេវាសុខាភិបាល។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ទោះបីក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាព្រំដែនក៏ដោយ ប៉ុន្តែស្មារតីសាមគ្គីភាព និងការអភិវឌ្ឍជាតិនៅតែបន្តឈានទៅមុខយ៉ាងរឹងមាំ។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់យុវជនគ្រប់រូបតាមរយៈពាក្យស្លោកថា៖ «យុវជនម្នាក់ ចេះកីឡាមួយយ៉ាងតិច» និង «លេងកីឡាដើម្បីសុខភាព ជៀសឆ្ងាយពីគ្រឿងញៀន» ដើម្បីរួមគ្នាកសាងសង្គមកម្ពុជាប្រកបដោយសុខដុមនីយកម្ម។

 

សម្រួលអត្ថបទ៖ ម៉ារ៉ាឌី