ព្រះអង្គម្ចាស់ William យាងទស្សនាតំបន់បេតិកភណ្ឌពិភពលោក At-Turaif ជាទឹកដីកំណើតរដ្ឋដំបូងរបស់អារ៉ាប៊ីសាអូឌីត ដែលអមទស្សនកិច្ចដោយព្រះអង្គម្ចាស់ Mohammed bin Salman

ព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់រាជទាយាទនៃរាជាណាចក្រអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានយាងទស្សនាស្រុក At-Turaif ក្នុងទីក្រុង Diriyah ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីល្ងាចថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងស្រុក) ដែលទីក្រុង Diriyah ត្រូវបានចាត់ទុកថាជាទីកន្លែងកំណើត និងជាទីតាំងរដ្ឋធានីនៃរដ្ឋអារ៉ាប៊ីសាអូឌីតផងដែរ។ យោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត SPA បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះរួមមានការយាងទស្សនាទីតាំងស្ថាបត្យកម្មបែបប្រពៃណី Najdi នៅក្នុងស្រុក At-Turaif ដ៏ប្រវត្តិសាស្ត្រ និងជាកន្លែងដែលព្រះអង្គម្ចាស់ William បានយាងទស្សនាវិមានដែលជាប់ទាក់ទងនឹងអ្នកគ្រប់គ្រងរដ្ឋអារ៉ាប៊ីសាអូឌីតដំបូងៗដែរ។ ព្រះអង្គម្ចាស់ William បានយាងក្នុងទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈការស្នើសុំរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដែលមានគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ថាមពល និងការវិនិយោគដែលកំពុងរីកចម្រើនទៅមុខ មុនពេលដែលប្រទេសទាំង២ប្រារព្ធខួបលើកទី១០០ឆ្នាំ នៃទំនាក់ទំនងការទូតជាមួយគ្នា។ មិនតែប៉ុណ្ណោះព្រះអង្គម្ចាស់នៃប្រទេសវែល របស់ចក្រភពអង់គ្លេស ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយនឹង ក្មេងស្រីៗនៃប្រទេសអារ៉ាប៊ីសាអូឌីតដែលកំពុងរៀនជំនាញបាល់ទាត់ក្នុងថ្ងៃទី២នៃដំណើរទស្សនកិច្ចរបស់ព្រះអង្គនៅតំបន់មជ្ឈិមបូព៌ាផងដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ