ប្រជាពលរដ្ឋនៅភាគខាងជើងកូឡុំប៊ីព្យាយាមប្រញាប់ប្រញាល់យករបស់របជាទ្រព្យសម្បត្តិផ្សេងៗ បន្ទាប់ពីទឹកជំនន់ហក់ឡើងខ្ពស់ និងបានប៉ះពាល់ដល់ពលរដ្ឋជាង៦៩,០០០គ្រួសារ
ប្រទេសកូឡុំប៊ីនៅតែកំពុងប្រឈមមុខនឹងទឹកជំនន់ដដែលនៅភាគខាងជើងនៃប្រទេសនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលបានធ្វើឱ្យគ្រួសារជាង ៦៩,០០០គ្រួសាររងផលប៉ះពាល់។ រូបភាពពីទីក្រុង Montería ដែលជារដ្ឋធានីមួយសំខាន់ដែរ ត្រូវបាន នាយកដ្ឋាន Córdoba បង្ហាញពីស្ថានភាពទឹកជំនន់គ្របដណ្តប់ជាងពាក់កណ្តាលនៃផ្ទះមួយចំនួនទៅហើយ ខណៈមានអ្នកស្រុកដើរកាត់ទឹកជ្រៅត្រឹមជង្គង់ឯណោះ។ អ្នកស្រុកនៃសង្កាត់ El Dorado កំពុងព្យាយាមយកទ្រព្យសម្បត្តិរបស់ពួកគេមកវិញបន្ទាប់ពីទន្លេ Sinú បានហក់ឡើងខ្ពស់។ ចំណែកវិទ្យាស្ថានជលសាស្ត្រ ឧតុនិយម និងការសិក្សាបរិស្ថានវិញ បានចេញសេចក្តីព្រមានកាលពីសប្តាហ៍មុនអំពីកម្រិតខ្យល់ត្រជាក់ថ្មីមួយ ដែលវាបានរុលចូលទៅក្នុងតំបន់ការ៉ាប៊ីនកូឡុំប៊ី ដែលវានឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងរលកខ្ពស់ថែមទៀតផង។ អាជ្ញាធរបានអំពាវនាវស្តីពីភាពអាសន្នតាមរយៈនាយកដ្ឋានអាកាសធាតុក្នុងតំបន់ Córdoba, Antioquia, Sucre, Bolívar, Santander, Magdalena និង Chocó។ ការិយាល័យ បាននិយាយទៀតថា តំបន់ជនបទរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសគ្រួសារដែលពឹងផ្អែកលើការធ្វើស្រែចម្ការ និងចិញ្ជឹមសត្វពាហនៈ។ លើសពីនេះការិយាល័យការពារស៊ីវិលរបស់ប្រទេសកូឡុំប៊ីបានរាយការណ៍ថា ខ្លួនបានបញ្ជូនជំនួយមនុស្សធម៌ចំនួន ១០តោនទៅកាន់ Córdoba តាមរយៈជើងហោះហើររបស់កងទ័ពអាកាសកូឡុំប៊ីហើយ។ ទីភ្នាក់ងារនេះបានបន្ថែមទៀតថា ចំពោះបញ្ហាស្បៀងអាហារ និងសម្ភារៈពេទ្យសត្វចំនួន ១១ តោនទៀត ក៏នឹងត្រូវបញ្ជូនទៅជួយសង្រ្គោះសត្វផ្សេងៗដែលរងផលប៉ះពាល់ដោយទឹកជំនន់ រួមមានសត្វសុនខ ឆ្មា ជ្រូក សត្វស្លាប គោ និងសេះជាដើមដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



