អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ប្រជុំរៀបចំរចនាសម្ព័ន្ធថ្មី ស្របតាមអនុក្រឹត្យថ្មីរបស់ក្រសួងព័ត៌មាន និងការពង្រាយកម្លាំងមន្ត្រីឲ្យបំពេញការងារត្រូវតាមជំនាញពិតប្រាកដ,
ភ្នំពេញ ៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ( ទទក ) បានរៀបចំកិច្ចប្រជុំការងារមួយ ដើម្បីពិភាក្សា និងរៀបចំរចនាសម្ព័ន្ធថ្មីរបស់អង្គភាព ចំណុះនីមួយៗ បន្ទាប់ពីអនុក្រឹត្យថ្មីរបស់ក្រសួងព័ត៌មាន ទើបត្រូវបានចេញផ្សាយជាផ្លូវការ។
កិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានដឹកនាំអង្គប្រជុំដោយ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងអនុវត្តលើការងារសំខាន់ៗចំនួនមួយចំនួនដូចជា ការប្រពឹត្តទៅនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, ការរៀបចំរចនាសម្ព័ន្ធថ្មី, ការពង្រាយកម្លាំងមន្ត្រី និងការងារផ្សេងៗដែលចាំបាច់ត្រូវអនុវត្តន៍ចំពោះមុខ វាយតម្លៃ និងកំណត់ទិសដៅលើការរៀបចំរចនាសម្ព័ន្ធថ្មី ឲ្យស្របតាមតួនាទី ភារកិច្ច និងបេសកកម្ម ដែលបានកំណត់ក្នុងអនុក្រឹត្យថ្មី។
ក្នុងកិច្ចប្រជុំ ឯកឧត្តម ឃឹម វុទ្ធី បានលើកឡើងអំពីសារៈសំខាន់នៃការកែសម្រួលរចនាសម្ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ពង្រឹងការគ្រប់គ្រង និងលើកកម្ពស់គុណភាពផលិតកម្មកម្មវិធីទូរទស្សន៍ជាតិ ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថល និងតម្រូវការរបស់សង្គមសម័យថ្មី។
ជាមួយគ្នានេះ ឯកឧត្តម អគ្គនាយក ក៏បានណែនាំឲ្យ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធដែល បំពេញកិច្ចការងារតាមអង្គភាពចំណុះ សហការគ្នាឲ្យកាន់តែជិតស្និទ្ធ ហើយអនុវត្តការងារតាមតួនាទីថ្មី ដោយរក្សាឯកភាព សាមគ្គីភាព និងទំនួលខុសត្រូវខ្ពស់ ដើម្បីធានាឲ្យការអនុវត្តរចនាសម្ព័ន្ធថ្មី ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
ឯកឧត្តម អគ្គនាយក បានគូសបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធថ្មីនេះ ត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការធ្វើទំនើបកម្មអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងបំពេញតួនាទីជាស្ថាប័នផ្សព្វផ្សាយរដ្ឋ ឲ្យឆ្លើយតបនឹងទិសដៅនៃការអភិវឌ្ឍវិស័យព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីធ្វើការប្រកួតប្រជែងបាននៅក្នុងបរិបទព័ត៌មានសំខាន់ៗជាសកល និងក្នុងសង្គមឌីជីថល។
ក្រោយពីអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មានត្រូវបានចុះហត្ថលេខា ដាក់ឱ្យប្រើប្រាស់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥, យោងតាមនីតិវិធីមន្ត្រីរាជការក្រោមរចនាសម្ព័ន្ធរបស់ក្រសួងតម្រូវឱ្យមានការ តែងតាំងឡើងវិញស្របតាមអនុក្រឹត្យថ្មី មុខងារ និងភារកិច្ចថ្មី។ អនុក្រឹត្យលេខ ២១៧ របស់ក្រសួងព័ត៌មាន បានណែនាំលើការអនុវត្តភារកិច្ច និងពង្រឹងវិន័យ វិជ្ជាជីវៈ និងពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលការងារស្របតាមមុខងារក្រសួងដែល បានកំណត់ក្នុងអនុក្រឹត្យថ្មី។ មុខងារស្នូលទី១ របស់ក្រសួងព័ត៌មាន គឺដឹកនាំនិងគ្រប់គ្រងវិស័យសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា ដោយមានមុខងារស្នូលរង ៦ និងមុខងារស្នូលទី២ គឺដឹកនាំនិងសម្របសម្រួលដឹកនាំការអនុវត្តទំនាក់ទំនងសាធារណៈជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដែលមានមុខងារស្នូលរងចំនួន ៤។
លោកជំទាវ គុជ មារតី អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា បានអាននូវអនុក្រឹត្យថ្មី របស់ក្រសួងព័ត៌មាន ដោយបានលើកនូវជំពូកទី៧ ស្តីពីតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងការគ្រប់គ្រងសុវត្ថិភាពខ្លឹមសារនិងការផ្សាយចេញរបស់ទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញផ្សព្វផ្សាយផ្សេងទៀតក្រោមចំណុះរបស់អគ្គនាយកដ្ឋាន,ចុះយកព័ត៌មានក្នុងព្រឹត្តិការណ៍ជាតិ អន្តរជាតិ ចុះប្រមូលព័ត៌មានគ្រប់វិស័យ និងនិពន្ធជាភាសាបរទេស ដូចជាអង់គ្លេស បារាំង ជាដើម ដើម្បីបម្រើការផ្សាយជាសំឡេងប្រចាំថ្ងៃនៅក្នុងនិងទៅក្រៅប្រទេស។ ផ្សព្វផ្សាយប្រចាំថ្ងៃតាមទូរទស្សន៍ជាសំឡេងនិងរូប ជាភាសាជាតិ ភាសាបរទេស ភាសាសញ្ញា នូវ ព័ត៌មាន កម្មវិធីសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ តន្ត្រីសម័យ បុរាណ ដែលបម្រើឱ្យការយល់ដឹង ការអប់រំ កីឡា ការកម្សាន្តនៅក្នុង និងទៅក្រៅប្រទេស ចូលរួមដឹកនាំសម្របសម្រួលគ្រប់គ្រងការងារព័ត៌មាន និងសាធារណមតិ
ធ្វើបទអត្ថាធិប្បាយ បទវិចារណកថា បទយកការណ៍, ផ្សព្វផ្សាយអំពីសកម្មភាព និងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល អង្គការនីតិប្បញ្ញត្តិ និង តុលាការ,ផ្សព្វផ្សាយអំពីព្រះរាជសកម្មភាព និងស្នាព្រះហស្ថព្រះមហាក្សត្រ និងវិស័យព្រះពុទ្ធសាសនា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ។ ជាមួយនេះគឺការគ្រប់គ្រងនិងធ្វើផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានបច្ចេកទេស ផលិត ផ្សាយ ធ្វើទំនើបកម្ម ទូរទស្សន៍ជាតិកម្ពុជា និងធ្វើបរិវត្តកម្មឌីជីថល ស្របតាមការរីកចម្រើនរបស់វិស័យទូរទស្សន៍ លើសកលលោក ព្រមទាំងភារកិច្ចសំខាន់ៗជាច្រើនទៀតផងដែរ៕



