អំណោយរបស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ផ្លូវក្រាលកៅស៊ូជាង២៥គីឡូម៉ែត្រ ស្ថាបនារួចរាល់

ខេត្តសៀមរាប ៖ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវផ្លូវក្រាលកៅស៊ូមួយខ្សែ ប្រវែងជាង ២៥គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន៥ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានស្ថាបនារួចរាល់ជាផ្លូវការ។

ប្រជាពលរដ្ឋ កក្នុងមូលដ្ឋានទាំងមូល និងនៅបណ្តាស្រុកផ្សេងៗ បានបង្ហាញក្ដីរំភើបសម្រាប់ការទទួលបានសមិទ្ធផលផ្លូវក្រាលកៅស៊ូថ្មីមួយខ្សែនេះ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋបង្កភាពងាយស្រួលក្នុងការផ្លូវដំណើរ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រឡាញ់ផ្ទាល់។ មុនផ្លូវមួយខ្សែនេះ លំបាកខ្លាំងក្នុងការធ្វើដំណើរ ដោយសារតែមានក្រឡុក ហើយរអិលព្រោះជាប្រភេទផ្លូវដីឥដ្ឋ ដោយការដឹកជញ្ជូនកសិផលទៅមកមានភាពលំបាក ជាពិសេសសិស្សទៅសាលារៀន អ្នកជំងឺ ឬស្ត្រីមានផ្ទៃពោះ ដែលត្រូវធ្វើដំណើរគឺរឹតតែលំបាកខ្លាំង។

ឯកឧត្តម សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានឱ្យដឹងថា ផ្លូវមួយខ្សែខាងលើនេះ ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST មានប្រវែងជាង ២៥គីឡូ ឆ្លងកាត់ឃុំចំនួន៥ គឺឃុំសណ្ដាន់ ឃុំរោងគោ ឃុំស្នួល ឃុំក្រូចគរ និងឃុំសែនសុខ តភ្ជាប់ពីផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៦៨។ គម្រោងនេះចាប់ផ្ដើមពីចុងឆ្នាំ២០២២ និងបញ្ចប់នៅក្នុងឆ្នាំ២០២៥។ ផ្លូវមួយខ្សែនេះ គឺពិតជាមានសារៈសំខាន់ណាស់ គឺជាសរសៃឈាមសេដ្ឋកិច្ចសង្គម គឺកាត់បន្ថយថ្លៃដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ ការធ្វើដំណើររបស់ប្រជាពលរដ្ឋគ្រប់ប្រភេទតែម្ដង គឺទៅសាលារៀន មន្ទីរពេទ្យ ទៅវត្តអារាម ហើយជាពិសេសគឺការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះបងប្អូនប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម។ ជារួមផ្លូវនេះគឺការតភ្ជាប់រវាងទីប្រជុំជន និងជនបទ ហើយតភ្ជាប់ទីផ្សារតែម្ដង។

អភិបាលស្រុកក្រឡាញ់ បន្តថា កន្លងមកគឺផ្លូវនេះមានលក្ខណៈលំបាកណាស់ ជាផ្លូវលំជនបទ ហើយបងប្អូនប្រជាពលរដ្ឋសំណូមពរជាច្រើនលើកដែរ។ ក្នុងនោះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងតំណាងរាស្ត្រមណ្ឌលសៀមរាប និងក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ ក៏បាននាំយកសំណើទាំងអស់នេះ ជូនទៅសម្ដេចតេជោ ហ៊ុន សែន ហើយសម្ដេចបានផ្ដល់ជាអំណោយដ៏ថ្លៃថ្លានេះ នាចុងនីតិកាលទី៦ នឹងបន្តសាងសង់បញ្ចប់ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ប្រជាពលរដ្ឋពួកគាត់បានអបអរសាទរ និងថ្លែងអំណរគុណយ៉ាងខ្លាំងជូនដល់សម្ដេចទាំងទ្វេ គឺផ្លូវនេះ ប្រជាជនហៅថា “ផ្លូវសម្ដេចតេជោ ធិបតី”៕