ខេត្តព្រះសីហនុ បើកទំព័រថ្មីនៃវិស័យអាកាសចរណ៍៖ ការហោះហើរត្រង់ទៅកាន់ទីក្រុងសៀមិន ប្រទេសចិន ចាប់ផ្ដើមជាផ្លូវការហើយ!

វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ បានឈានដល់របត់ថ្មីមួយទៀត តាមរយៈការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវខ្សែផ្លូវហោះហើរត្រង់ រវាងខេត្តព្រះសីហនុ និងទីក្រុងសៀមិន (Xiamen) នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ពិធីកាត់ខ្សែបូ និងការស្វាគមន៍យ៉ាងកក់ក្តៅ
ពិធីសម្ពោធដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។ ផ្លូវហោះហើរថ្មីនេះ ត្រូវបានដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines (ZA) ដែលជាដៃគូដ៏សំខាន់ក្នុងការតភ្ជាប់ស្ពានមេត្រីភាពរវាងខេត្តតំបន់ឆ្នេររបស់កម្ពុជា ទៅកាន់មជ្ឈ មណ្ឌលសេដ្ឋកិច្ចរបស់ចិន។

គោលបំណង និងសារៈសំខាន់ជាយុទ្ធសាស្ត្រ
ការបង្កើតផ្លូវហោះហើរនេះ មិនមែនត្រឹមតែជាការតភ្ជាប់ចរាចរណ៍ផ្លូវអាកាសប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីទាក់ទាញលំហូរភ្ញៀវទេសចរដោយបង្កើនចំនួនភ្ញៀវទេសចរចិនមកកម្សាន្តនៅតំបន់ឆ្នេរឱ្យកាន់តែច្រើន និងជំរុញការវិនិយោគ តាមរយៈការបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនក្នុងការ ស្វែងរកឱកាសធុរកិច្ចនៅក្នុងខេត្ត។ ពង្រឹងសេដ្ឋកិច្ចមូលដ្ឋានបង្កើតចំណូលដល់អាជីវកម្មក្នុងស្រុក និងពង្រីកបណ្តាញសេដ្ឋកិច្ចក្នុងតំបន់ព្រមទាំងបន្តរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំ។

រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈការតភ្ជាប់នេះ នឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះខេត្តព្រះសីហនុលើឆាកអន្តរជាតិ ក្នុងនាមជាគោលដៅទេសចរណ៍ និងវិនិយោគដ៏មានសក្តានុពលបំផុតមួយក្នុងតំបន់អាស៊ីអាគ្នេយ៍៕

អត្ថបទ ៖ ម៉ារ៉ាឌី