ប្រធានរដ្ឋសភាកម្ពុជា-វៀតណាម ជំរុញការលុបបំបាត់ព័ត៌មានក្លែងក្លាយដែលបំផ្លាញដល់ផលប្រយោជន៍ពលរដ្ឋនៃប្រទេសទាំងពីរ
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម បានលើកឡើងនូវគំនិតផ្ដួចផ្ដើមឱ្យរដ្ឋសភាកម្ពុជានិងវៀតណាម បង្កើនកិច្ចសហការគ្នាឱ្យបានស្អិតល្មួតបន្ថែមទៀតនៅក្នុងការ «ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលអាចជាហេតុប៉ះពាល់ដល់ដល់សន្តិសុខ ចំណងមិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក៏ដូចជាតំបន់ផងដែរ។
ឯកឧត្តម ត្រិន ថាញ់មិន ប្រធានរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញអមដំណើរឯកឧត្តម តូ ឡឹម(To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ត្រិន ថាញ់មិន បានជួបពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។
សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមប្រធានរដ្ឋសភា ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាសាជាថ្មី។ សម្តេចបានវាតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចប្រជុំត្រីភាគី រវាងគណបក្សទំាងបីប្រទេស(កម្ពុជា វៀតណាម និងឡាវ) ដែលបានប្រារព្ធធ្វើនៅថ្ងៃនេះ សម្រេចបាននូវលទ្ធផលគួរជាទីមោទនៈហួសពីការរំពឹងទុក ដែលជាមាគ៌ាដ៏សំខាន់មួយសម្រាប់ការអនុវត្តនៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទាំងបីឱ្យកាន់តែរឹងមាំ រីកចម្រើនរួមគ្នាបន្ថែមទៀត។
នៅក្នុងឱកាសនោះ សម្ដេចប្រធានរដ្ឋសភាកម្ពុជា ក៏បានរំលឹកនូវទស្សនៈរបស់ ឯកឧត្តម តូ ឡឹម ដែលបានថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សនយោបាយនៃប្រទេសទាំងបី ពីការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា វៀតណាមនិងឡាវ ដែលត្រូវបន្តជួយគំាទ្រគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហានានា ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព វិបុលភាព សម្រាប់ពលរដ្ឋនៃប្រទេសទំាងបី។
ប្រធានរដ្ឋសភាកម្ពុជានិងវៀតណាម គូសបញ្ជាក់ថារដ្ឋសភាប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានាដើម្បីការពារផលប្រយោជន៍ពលរដ្ឋ។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានសន្យាថានឹងជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការចែករំលែកបទពិសោធន៍រវាងរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែសកម្មនៅគ្រប់កម្រិតជាបន្តទៀត ទាំងកម្រិតថ្នាក់ដឹកនាំ ក្រុមមិត្តភាព សមាជិករដ្ឋសភាស្រ្តី សមាជិករដ្ឋសភាវ័យក្មេង និងកម្រិតអគ្គលេខាធិការដ្ឋាន។
សម្តេចប្រធានរដ្ឋសភាបានអបអរសាទរចំពោះផែនការអភិវឌ្ឈន៍របស់ប្រទេសវៀតណាមដែលមានចក្ខុវិស័យក្នុងការអភិវឌ្ឍជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៤៥។ ចំណែកឯកឧត្តម ត្រិន ថាញ់មិន មានជំនឿយ៉ាងមុតមាំថាគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ដែលនឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ នឹងសម្រេចជាមិនខានឡើយ។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈពីស្ថានការណ៍នយោបាយនិងសន្តិសុខពីគ្នាទៅវិញទៅមក។ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានជម្រាបជូនអំពីការរៀបចំបោះឆ្នោតជ្រើសរើសសមាជិកសភា និងប្រធានខេត្ត-ក្រុង នៅវៀតណាមនាថ្ងៃទី១៥ ខែមីនាខាងមុខនិងបានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមក្នុងពេលវេលាសមស្របណាមួយ។ ចំណែកកសម្តេចរដ្ឋសភាធិបតី ក៏បានគោរពអញ្ជើញ ឯកឧត្តម ត្រិន ថាញ់មិន ចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភា(ISC) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ផងដែរ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានផ្តល់ជំនួយសាងសង់អគាររដ្ឋបាលថ្មីដល់រដ្ឋសភាកម្ពុជា ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំកន្លងទៅ។ សម្តេចបានគូសបញ្ជាក់ថាអគាររដ្ឋបាលថ្មីនោះ បានក្លាយជាអគារពហុវិស័យ សម្រួលការងារជាច្រើនជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា។
ថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នា បន្តអនុវត្តនូវរាល់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នាឱ្យមានប្រសិទ្ធភាព សម្រេចលទ្ធផលកាន់តែច្រើនក្នុងការលើកកម្ពស់ជីវភាពនិងតម្រូវការពលរដ្ឋនៃប្រទេសទាំងពីរ៕



