ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈការអនុវត្តយន្តការត្រីភាគី ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម»

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈ​ការអនុវត្តយន្តការត្រីភាគី ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» ដែលបានរៀបចំ​ឡើងដោយ​សមាគមបណ្តាញ​កសិករតេជោ សហការជាមួយធនាគារ ARDB។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី​តំណាង​ធនាគារ ARDB និង​សមាគម​សហគមន៍ចុងភៅកម្ពុជា ព្រមទាំងសមាជិក-សមាជិកាសមាគមបណ្តាញកសិករតេជោ ប្រមាណជាង ១០០ នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង
ទី១-ផ្សព្វផ្សាយពីតួនាទី និងបេសកកម្មសំខាន់ៗរបស់សមាគមបណ្តាញកសិករតេជោ
ទី២-ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈការអនុវត្តយន្តការត្រីភាគី (ក្រុមហ៊ុនអ្នកប្រមូលទិញ), អ្នកផលិត (កសិករ) និងស្ថាប័នហិរញ្ញវត្ថុ (ធនាគារ)
ទី៣-គោលការណ៍ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គាំទ្រលើយន្តការត្រីភាគី និងការផ្តល់ឥណទានគំាទ្រដល់អ្នកផលិតក្នុងខ្សែច្រវ៉ាក់តម្លៃផលិតកម្ម​ ផ្អែកលេីផលិតកម្ម​ និងលំហូរសាច់ប្រាក់ឆ្លងតាមរយ:ធនាគារ
ទី៤-បង្កើតភាពជាដៃគូក្នុង និងក្រៅបណ្តាញកសិករតេជោ ជាដើម។

ថ្លែងនាឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសរំលេចអំពីសកម្មភាពរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលកន្លង​មកតែងតែ​បានចូលរួមចំណែកយ៉ាងសកម្មក្នុងគាំទ្រផ្នែកហិរញ្ញប្បទានដល់វិស័យកសិកម្ម និងប្រជាកសិករតាមទីជនបទ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតប្រតិភូ ក៏បានផ្តល់កិត្តិយសអញ្ជើញចូលរួមជាសក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមបណ្តាញកសិករតេជោ និងសមាគមសហគមន៍ចុងភៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរផងដែរ។

សិក្ខាសាលា និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះបានរៀបចំឡើងនាព្រឹក ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB៕