រដ្ឋបាលរបស់លោក Trump សម្រេចដំណើការគេហទំព័រថ្មីដើម្បីណែនាំឱ្យទិញថ្នាំតាមអនឡាញឈ្មោះ TrumpRx នឹងបញ្ចុះតម្លៃខ្ពស់ជួយសន្សំសំចែប្រាក់បានយ៉ាងច្រើន
រដ្ឋបាលលោក Trump បានបើកដំណើរការកម្មវិធីអនឡាញ TrumpRx ដែលជាគេហទំព័រមួយ ដែលវាអាចនិយាយបានថានឹងជួយដល់អ្នកជំងឺរកទិញថ្នាំបានតាមវេជ្ជបញ្ជាដោយផ្ទាល់ក្នុងអត្រាបញ្ចុះតម្លៃខ្ពស់ ខណៈដែលការថែទាំសុខភាព និងថ្លៃដើមនៃការរស់នៅកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់ជនជាតិអាមេរិកាំង។ លោកប្រធានាធិបតី Donald Trump បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធគេហទំព័រនេះថា «អ្នកនឹងសន្សំសំចៃបានប្រាក់យ៉ាងច្រើនជាងមុន» «ហើយនេះគឺជារឿងល្អសម្រាប់ការថែទាំសុខភាពទូទៅផងដែរ»។ គេហទំព័រដែលរៀបចំដោយរដ្ឋាភិបាលរបស់ លោក Trump ផ្ទាល់ មិនមែនជាវេទិកាសម្រាប់ទិញថ្នាំនោះទេ។ ផ្ទុយទៅវិញវាត្រូវបានបង្កើតឡើងក្នុងនាមជាអ្នកសម្របសម្រួល ដោយចង្អុលបង្ហាញទៅកាន់ជនជាតិអាមេរិកាំង អាចទៅកាន់គេហទំព័រផ្ទាល់របស់អ្នកផលិតថ្នាំឲ្យចំតែម្តង ដែលពួកគេអាចធ្វើការទិញបានងាយស្រួល។ វាក៏ផ្តល់ប័ណ្ណបញ្ចុះតម្លៃដើម្បីប្រើប្រាស់នៅតាមឱសថស្ថានជាដៃគូផងដែរ។ គេហទំព័រនេះនឹងបើកដំណើរការជាមួយនឹងថ្នាំសង្កូវជាង ៤០មុខ រួមទាំងថ្នាំសម្រកទម្ងន់ប្រភេទដូចជា Ozempic និង Wegovy ដែរ។ លោក Trump បានសង្កត់ធ្ងន់ថា ទិញតាមគេហទំព័រនេះនឹងមានតម្លៃទាប ដែលរដ្ឋបាលរបស់លោកបានសហការដោយការដាក់សម្ពាធលើក្រុមហ៊ុនឱសថលើតម្លៃតែម្តង ដោយលោកនិយាយថា លោកទាមទារឱ្យពួកគេគិតថ្លៃដូចគ្នានៅសហរដ្ឋអាមេរិកនិងដូចនៅតាមប្រទេសដទៃទៀតដែរ។ លោកបាននិយាយថា ជាលទ្ធផលតម្លៃថ្នាំតាមវេជ្ជបញ្ជានឹងកើនឡើងនៅបរទេស ។ លោក Trump បានមានប្រសាសន៍បន្ថែមនៅក្នុងព្រឹត្តិការណ៍ពេលល្ងាចនៅលើបរិវេណសេតវិមានដែលមានរយៈពេលប្រហែល២០នាទីថា “យើងធុញទ្រាន់នឹងការឧបត្ថម្ភធនធានដល់ពិភពលោកណាស់”។ រដ្ឋបាលរបស់លោកកំពុងផ្សព្វផ្សាយការបញ្ចុះតម្លៃយ៉ាងច្រើន ទោះបីជាវាមិនច្បាស់ថាការផ្លាស់ប្តូរនេះនឹងមានផលប៉ះពាល់ប៉ុណ្ណាចំពោះថវិកាគ្រួសារក៏ដោយ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Mehmet Oz ជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលសម្រាប់សេវាកម្ម Medicare និង Medicaid បានផ្សព្វផ្សាយគេហទំព័រនេះថាវាជាការផ្លាស់ប្តូរថ្មី។ លោកបាននិយាយថា តម្លៃថ្នាំទាបសម្រាប់ប្រភេទថ្នាំ Ozempic និង Wegovy នឹងធ្វើឱ្យប្រទេសខាតបង់ថវិកាសរុបចំនួន ១០០លានផោននៅឆ្នាំនេះដែរ។ លោកបានណែនាំថា តម្លៃថ្នាំទាបគឺសម្រាប់ថ្នាំពន្យារកំណើត Gonal-F នឹងបង្កឱ្យងាយបញ្ហាមានផ្ទៃពោះទូទាំងប្រទេស។ លោក Oz បាននិយាយទៀតថា “ប្រទេសយើងនឹងមានកូន Trump ជាច្រើនជាមួយនឹងការចំណាយទាំងនេះ”(លោកនិយាយប្រៀបធៀបបែបកំប្លែង)។ កាលពីរដូវស្លឹកឈើជ្រុះ លោក Oz ក៏បានប្រាប់លោក Trump ថាគេហទំព័រនេះនឹងចែករំលែកតម្លៃសម្រាប់អ្នកប្រើប្រាស់មុនចុងឆ្នាំប៉ុណ្ណោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



