ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកម្មុយនីសវៀតណាម អញ្ជើញថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ,មណ្ឌបព្រះបរមរូប «ព្រះបរមរតនកោដ្ឋ», និងស្តូបមិត្តភាពកម្ពុជា-វៀតណាម
នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកម្មុយនីសវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងជាមិត្តភាព តបតាមព្រះរាជសារអញ្ជើញដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ឯកឧត្តម អគ្គលេខាធិការបក្សកម្មុយនីសវៀតណាម និងគណៈប្រតិភូអមដំណើរ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ដែលទទួលស្វាគមន៍ដោយ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ។
បន្តមក ឯកឧត្តម អគ្គលេខាធិការបក្សកម្មុយនីសវៀតណាម និងគណៈប្រតិភូអមដំណើរ អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅមណ្ឌបព្រះបរមរូប ដែលទទួលស្វាគមន៍ដោយ ឯកឧត្តម លីម ប៊ុនហុក រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង។
កម្មវិធីបន្ទាប់ ឯកឧត្តម អគ្គលេខាធិការបក្សកម្មុយនីសវៀតណាម និងគណៈប្រតិភូអមដំណើរ អញ្ជើញដឹកនាំគណប្រតិភូ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលទទួលបដិសណ្ឋារកិច្ចដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ។
បន្ទាប់ពីអញ្ជើញមកដល់ទឹកដីដ៏បវរនៃព្រះរាជាណាចក្រកម្ពុជា រួចមក ឯកឧត្តមអគ្គលេខាធិការបក្ស បានចូលក្រាបថ្វាយបង្គំគាល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង និងទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋប្រកបដោយភាពខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះមហាក្សត្រ នៅព្រះទីនាំងទេវាវិនិច្ឆ័យ និងចូលរួមក្នុងពិធីលៀងសាយភោជន៍ជាកិត្តិយស ជូន ឯកឧត្តមអគ្គលេខាធិការបក្សផងដែរ។
បន្ទាប់មក ឯកឧត្តម តូ ឡឹម នឹងមានជំនួបកំពូលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការពិភាក្សាស៊ីជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងវៀតណាម។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តម អគ្គលេខាធិការបក្សកម្មុយនីសវៀតណាម នាឱកាសនេះ គឺជាការពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងវៀតណាម និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី “ភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជនទាំងពីរ៕



