ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ថា÷ សូមកុំភ្លេចមេរោគអេដស៍ ជំងឺអេសដ៍នៅតែមានហានិភ័យខ្ពស់នៅកម្ពុជា ខណៈមួយថ្ងៃមានមនុស្ស ៣នាក់ បានឆ្លងមេរោគដ៏សាហាវនេះ
(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងបញ្ជាក់ថា មេរោគអេដស៍នៅតែមានហានិភ័យដ៏ធំមួយនៅកម្ពុជា ខណៈមកដល់សព្វថ្ងៃនេះ ជាមធ្យមក្នុងមួយថ្ងៃ មានមនុស្ស ៣នាក់ បានឆ្លងមេរោគអេដស៍នេះ ដែលជាសំខាន់គឺយុវជន ដូចនេះមានតែការប្រើប្រាស់ស្រោមអនាម័យជាមធ្យោបាយដ៏ល្អបំផុត និងមានប្រសិទ្ធភាពបំផុត ក្នុងការការពារពីមេរោគអេដស៍ និងជំងឺផ្សេងៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់យ៉ាងដូចនេះ នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការលើកកម្ពស់ប្រើប្រាស់ស្រោមអនាម័យ ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា ដែលសហការរៀបចំដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំយុវជន និងកីឡា រួមទាំងមានបណ្តាអង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនទៀត នៅភោជនីដ្ឋានទន្លេបាសាក់២។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ទៀតថា ការផ្សព្វផ្សាយការប្រើប្រាស់ស្រោមអនាម័យជាមួយនឹងសារសាមញ្ញមួយ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ» ហើយស្រោមអនាម័យក៏ជាវិធានការណ៍ដ៏មានប្រសិទ្ធិភាព និងចំណាយថវិកាតិចបំផុតមួយ ក្នុងចំណោមវិធានការណ៍បង្ការមេរោគអេដស៍ និងជំងឺកាមរោគ ដូចជាការប្រើប្រាស់ថ្នាំចាក់ ការប្រើប្រាស់ថ្នាំលេប និងវិធីផ្សេងៗទៀត ។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានបន្ថែមទៀតថា កន្លងមករាជរដ្ឋាភិបាល បានចូលរួមចំណាយថវិកាជាច្រើនដើម្បីទប់ស្កាត់ការចំលងនៃមេរោគអេដស៍ ហើយក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក៏បានចូលរួមសហការជាមួយបណ្តាអង្គការដៃគូរក៏ដូចជាតាមបណ្តាញស្ថាប័ននានាដើម្បីទប់ស្កាត់មេរោគអេដស៍នេះ ជាពិសេសស្រទាប់យុវវ័យ ក្នុងនោះដែរសម្រាប់ថ្ងៃទី១៤ កុម្ភៈ ដែលនឹងខិតជិតមកដល់នេះអាជ្ញាធរអេដស៍ ក៏បានត្រៀមសហការជាមួយបណ្តាញដៃគូរ ដើម្បីចូលរួមផ្សព្វផ្សាយពីការជំងឺអេដស៍ ក៏ដូចជាការរៀបចំការប្រគំតន្ត្រីផ្សព្វផ្សាយពីមេរោគអេដស៍ និងចែកស្រោមអនាម័យដោយឥតគិតថ្លៃផងដែរ។
នាឱកាសនោះលោកវជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានបញ្ជាក់ដែរថា ប្រទេសកម្ពុជាបានបង្ហាញភាពជាអ្នកដឹកនាំដ៏រឹងមាំរួចហើយ តាមរយៈគោលនយោបាយប្រើប្រាស់ស្រោមអនាម័យ ១០០ ភាគរយ ជាពិសេសនៅក្នុងគ្រឹះស្ថានកម្សាន្ត។ គោលនយោបាយនេះបានជួយសង្គ្រោះជីវិត និងបង្ហាញថា នៅពេលដែលមានគោលការណ៍ច្បាស់លាស់ ការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការនិង ឥរិយាបថអាចផ្លាស់ប្តូរ ដែលនាំឳ្យសុខភាពសាធារណៈប្រសើរឡើង ។
លោកវជ្ជបណ្ឌិត ឈឹមសារ៉ាត់ បានបន្ថែមថា យើងក៏បន្តគាំទ្រការអប់រំបង្ការមេរោគអេដស៍តាមរយៈការផ្សព្វផ្សាយសហគមន៍ កម្មវិធី យុវជន សិស្ស និស្សិត ប្រជាជនគន្លឹះ និងក្រុមសហគមន៍ជាការ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានសារៈសំខាន់ជាពិសេស ដោយសារការឆ្លងថ្មីនៅក្នុងប្រទេសកម្ពុជាកំពុងកើនឡើងក្នុងចំណោមយុវជន និងប្រជាជនគន្លឹះ រួមទាំងក្រុមស្រឡាញ់ភេទដូចគ្នា អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកធ្វើការតាមសេវាកម្សាន្តសប្បាយ។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់យើងដែលទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការកាត់បន្ថយការឆ្លងមេរោគអេដស៍ អ្នកជំងឺអេដស៍ថ្មី និងមរណៈភាពដោយសារជំងឺអេដស៍ យើងក៏កំពុងប្រឈមនឹងបញ្ហាធនធាន ជាពិសេសធនធានថវិកាក្នុងការឆ្លើយតប គឺមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់ និងទូទាំងពិភពលោក។ មូលនិធិសម្រាប់កម្មវិធីសុខភាពកំពុងថយចុះ ប៉ុន្តែហានិភ័យនៃការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគ មិនទាន់បានថយចុះទៅតាមគោលដៅនៅឡើយ។ នៅក្នុងបរិបទនេះស្រោមអនាម័យមានសារៈសំខាន់ជាងពេលណាៗទាំងអស់ វានៅតែជាមធ្យាបាយមួយ ក្នុងចំណោមមធ្យាបាយផ្សេងៗទៀតដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពខ្ពស់បំផុតដែលយើងមាន ដើម្បីបង្ការមេរោគអេដស៍ ជំងឺឆ្លងតាមការរួមភេទផ្សេងទៀត និងការមានផ្ទៃពោះដោយចៃដន្យ៕



