ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបពិភាក្សាការងារជាមួយនាយកក្រុមហ៊ុន Infinity Sport ផ្តោតលើការលើកកម្ពស់វិស័យកីឡាតាមរយៈសារព័ត៌មាន ដោយការពង្រឹងសមត្ថភាពរាយការណ៍ និងសរសេរព័ត៌មានអាចគ្របដណ្តប់បានគ្រប់ជ្រុងជ្រោយនៃព្រឹត្តិការណ៍កីឡា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក S.T Arasu នាយកក្រុមហ៊ុន Infinity Sport ធ្វើអាជីវកម្មស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាព និងផ្តល់ការយល់ដឹងឲ្យបានច្បាស់លាស់ដល់អ្នកសារព័ត៌មាន ដែលធ្វើការនៅក្នុងវិស័យកីឡា។

លោក S.T Arasu បានជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថា៖ ក្រុមហ៊ុន Infinity Sport ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលបង្កើតនៅដើមឆ្នាំ២០២៤ និងមានកម្មវត្ថុអាជីវកម្ម ស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ជាគោល។ បច្ចុប្បន្ន ក្រុមហ៊ុនបានរៀបចំផែនការប្រចាំឆ្នាំ២០២៦ ដែលក្នុងផែនការនោះក្រុមហ៊ុនគ្រោងរៀបចំ សិក្ខាសាលាមួយដែលមានគោលបំណងពង្រឹងសមត្ថភាពរាយការណ៍ និងសរសេរអត្ថបទព័ត៌មានដែលអាចគ្របដណ្តប់បានគ្រប់ជ្រុងជ្រោយនៃព្រឹត្តិការណ៍។ ក្នុងសិក្ខាសាលាស្តីពីអ្នកសារព័ត៌មានក្នុងវិស័យកីឡានោះ ក៏នឹងមានគ្រូឧទ្ទេសដែលមានបទពិសោធន៍ជាងមួយទសវត្ស និងធ្លាប់ទទួលបានពានរង្វាន់ “The Star” ប្រចាំប្រទេសម៉ាឡេស៊ី ចំនួនពីរលើក។

ដូច្នេះតាមរយៈកិច្ចពិភាក្សាការជាមួយ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺក្រុមហ៊ុន ចង់ឲ្យអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាន ទាំងអ្នកសរសរព័ត៌មាន អ្នកថតរូប និងអ្នកអត្ថាធិប្បាយ ឲ្យក្តាប់បានយល់ច្បាស់ពីប្រភេទកីឡានីមួយៗដើម្បីងាយស្រួលក្នុងការធ្វើអត្ថាធិប្បាយ និងសរសេរព័ត៌មាន ។ តាមរយៈកិច្ចការងារនេះ ក្រុមហ៊ុន Infinity Sport ស្នើសុំការគាំទ្រ និងកិច្ចសហការពីក្រសួងព័ត៌មាន ដើម្បីរៀបចំជាសិក្ខាសាលា ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពដល់សារព័ត៌មាន ក្នុងវិស័យកីឡា ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវការគាំទ្រ និងផ្តល់អ្នកជំនាញធ្វើកិច្ចសហការជាមួយ ក្រុមហ៊ុន Infinity Sport ដើម្បីរៀបចំសិក្ខាសាលាក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពដល់អ្នកសារព័ត៌មាន ឲ្យបានយល់ដឹងច្បាស់ពីការសរសេរ ថត និងអត្ថធិប្បាយបានត្រឹមត្រូវតាមប្រភេទកីឡានីមួយៗ នៅពេលមានការរៀបចំព្រឹត្តិការណ៍កីឡា ផ្សេងៗ៕