អគ្គលេខាធិការ UN លោក António Guterres បញ្ជាក់ថា៖ គណៈកម្មការ AI ថ្មីនឹងជួយដល់ពិភពលោកបំបែក «ការពិតចេញពីភាពក្លែងក្លាយ ពីវិទ្យាសាស្រ្តចេញពីភាពមិនច្បាស់លាស់»
នៅក្នុងសេចក្តីសម្រេចមួយដែលអនុម័តដោយអង្គការសហប្រជាជាតិក្នុងខែសីហាកន្លងទៅ គណៈកម្មការវិទ្យាសាស្ត្រអន្តរជាតិជាឯករាជ្យស្តីពីបញ្ញាសិប្បនិម្មិត ឬ AI ត្រូវបានបង្កើតឡើង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរេស (António Guterres) បានធ្វើសេចក្តីសង្ខេបដល់អ្នកសារព័ត៌មានកាលពីថ្ងៃពុធនេះស្តីអំពីគោលដៅរបស់គណៈកម្មការនេះ និងអ្នកដែលកំពុងត្រូវបានពិចារណាដើម្បីបំពេញមុខតំណែងបន្ថែម។ លោក António Guterres បានមានប្រសាសន៍ថា «គណៈកម្មការនេះនឹងជួយពិភពលោកបំបែកការពិតចេញពីភាពក្លែងក្លាយ និងវិទ្យាសាស្ត្រចេញពីភាពមិនច្បាស់លាស់»។ មុខវិជ្ជាទាំងនោះរួមមាន៖ ការរៀនពីម៉ាស៊ីន ការគ្រប់គ្រងទិន្នន័យ សុខភាពសាធារណៈ សន្តិសុខតាមអ៊ីនធឺណិត ការអភិវឌ្ឍកុមារភាព និងសិទ្ធិមនុស្ស។ លោកក៏បានបញ្ជាក់ផងដែរថា អ្នកណាដែលបម្រើការនៅក្នុងគណៈកម្មការនោះនឹង «មានភាពឯករាជ្យពីរដ្ឋាភិបាល ពីក្រុមហ៊ុន ឬស្ថាប័នណាមួយ»។ ចំពោះការផ្តល់មូលនិធិដល់គណៈកម្មការ និងការងារដែលពួកគេនឹងបំពេញបាននោះ លោក António Guterres បានមានប្រសាសន៍ថា វានឹងមានលទ្ធភាពយ៉ាងច្រើនផងដែរ។ លោកបានបន្ថែមថា «គោលបំណងនេះធ្វើឡើងដើម្បីផ្តល់នូវផលប្រយោជន៍ជាសកល ដូច្នេះខ្ញុំមិនមានការសង្ស័យអំពីវានោះទេ»។ នៅពេលដែលសមាជិកគណៈកម្មការត្រូវបានជ្រើសរើសរួច ក្រុមទាំងនេះត្រូវបានកំណត់ឱ្យកោះប្រជុំនៅខែកក្កដាខាងមុខថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ



