រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង តំណាងថ្មីនៃអង្គការ UNESCO ប្រចាំកម្ពុជា ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យព័ត៌មាន តាមរយៈការពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន ស្របតាមបរិបទឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ,
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យ លោក Flavio Bonetti តំណាងថ្មីនៃអង្គការអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ ( UNESCO ) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគូរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដោយនៅក្នុងកិច្ចពិភាក្សាគឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា ។
ក្នុងកិច្ចពិភាក្សាការងារនេះដែរ ភាគីទាំងពីរ បានផ្តោតលើការពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់អ្នកសារព័ត៌មាន តាមរយៈកម្មវិធីបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ ការលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈសារព័ត៌មាន ការគិតគូរពីសុវត្ថិភាពរបស់អ្នកសារព័ត៌មាន និងការរៀបចំច្បាប់ទម្លាប់ដើម្បីលើកកម្ពស់ដល់ការអនុវត្តស្របតាមក្រមសីលធម៍ វិជ្ជាជីវៈអ្នកសារព័ត៌មាន។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ អាទិភាពដែលក្រសួងព័ត៌មាន ប្រឹងប្រែងធ្វើនោះគឺច្បាប់ស្តីពីរបបសារព័ត៌មាន ដែលត្រូវធ្វើឲ្យបានចប់រួចរាល់នៅចុង ឆ្នាំ២០២៧ ហើយតាមរយៈនេះ ឯកឧត្តម រដ្ឋមន្ត្រី ស្នើដល់អង្គការ UNESCO ជួយគាំទ្រដល់ដំណើរការរៀបចំច្បាប់នេះឲ្យបានចប់រួចរាល់តាមកាលកំណត់ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានជូនពរដល់ លោក Flavio Bonetti ដែលបានទទួលបេសកកម្មជាតំណាងថ្មីនៃអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា សូម
ទទួលបាននូវភាពជោគជ័យ ដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតរវាងក្រសួងព័ត៌មាន និង UNESCO ។
លោក Flavio Bonetti បានសំដែងនូវការរីករាយដោយបានមកបំពេញបេសសកម្មការងារជាតំណាងអង្គការ UNESCO ប្រចាំកម្ពុជា ដែលជាជំហានសំខាន់មួយក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងអង្គការ UNESCO ដើម្បីជំរុញវិស័យព័ត៌មានកម្ពុជា ឲ្យកាន់តែអភិវឌ្ឍប្រកបដោយគុណភាព និងភាពទំនើប៕



