អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា អាណត្តិទី៣ លើកទី៥ 

នៅព្រឹកថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា អាណត្តិទី៣ លើកទី៥  ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម, លោកជំទាវ, លោកសាស្ត្រាចារ្យ ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាបរធនបាល ព្រមទាំងក្រុមការងារអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ។

ជាបឋម អង្គភាពប្រតិបត្តិបានបង្ហាញជូនអង្គប្រជុំក្រុមប្រឹក្សាបរធនបាលថា ក្នុងឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ, មូលនិធិគន្ធបុប្ផាកម្ពុជាមានចំណូលសរុបចំនួនជាង ២៩ លានដុល្លារអាម៉េរិក ឬកើនឡើង ៦%  បើធៀបនឹងឆ្នាំ២០២៤ ដែលចំណូលនេះទទួលបានពីប្រភពសំខាន់ៗ ដូចជាវិភាគទានប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល, វិភាគទានប្រចាំឆ្នាំរបស់កាកបាទក្រហមកម្ពុជា, ការកាត់កម្រៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ការបរិច្ចាគរបស់សប្បុរសជនជាង ៤០ម៉ឺននាក់ និងចំណូលផ្សេងៗទៀត ជាពិសេសចំណូលដែលទទួលបានពីការបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥។ ស្របពេលជាមួយគ្នានេះ, មូលនិធិគន្ធបុប្ផាកម្ពុជាក៏បានផ្ទេរថវិកាជាបន្តបន្ទាប់ចំនួនជាង ១២លានដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា បន្ថែមលើថវិកាចំនួន ១០លានដុល្លារអាម៉េរិក ដែលរាជរដ្ឋាភិបាលផ្ដល់ជូនតាមរយៈក្រសួងសុខាភិបាល និងមូលនិធិគន្ធបុប្ផាស្វីស ដើម្បីគាំទ្រប្រតិបត្តិការប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។

បន្ទាប់មក, អង្គប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តោតលើចង្កោមសកម្មភាពសំខាន់ៗចំនួន ៤ រួមមានការកៀរគរថវិកា និងសហការជាមួយក្រសួង-ស្ថាប័នផ្សេងៗ, ការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ, ការអភិវឌ្ឍ និងធ្វើទំនើបកម្មឌីជីថល (គេហទំព័រ និង App), និងកម្មវិធីរម្លឹកឱ្យមានការបន្តចូលរួមបរិច្ចាគ និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀត។ ក្រុមប្រឹក្សាបរធនបាល ក៏បានគាំទ្របេសកកម្មរបស់ក្រុមការងារ ក្នុងការជួបសំណេះសំណាល និងពិភាក្សាការងារជាមួយតំណាងសហគមន៍ខ្មែរនៅបរទេសបន្តទៀត ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីមូលនិធិគន្ធបុប្ផាកម្ពុជា និងបំផុសចលនាកៀរគរថវិកាបរិច្ចាគ ព្រមទាំងជំរុញឱ្យបន្តកិច្ចសហការជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ឱ្យបានកាន់តែសកម្ម និងទៀងទាត់ផងដែរ។

អង្គប្រជុំក៏បានពិនិត្យលើរបាយការណ៍លទ្ធផល ឆ្នាំ២០២៥ របស់មន្ទីរពេទ្យគន្ធបុប្ផា ដោយក្នុងនោះមន្ទីរពេទ្យ បានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ សរុបចំនួនជាង ១, ៤ លានករណី ដែលក្នុងនេះរួមមាន ៖

•  ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ចំនួន ១ ០៧១ ៦៣៧ ករណី

•  ទារក និងកុមារមានជំងឺធ្ងន់ធ្ងរដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំនួន ២៣៣ ២៤៣ នាក់

•  កុមារឆ្លងជំងឺគ្រុនឈាម ចំនួន ២២ ៩៨២ នាក់

•  កុមារដែលត្រូវព្យាបាល និងវះកាត់ទូទៅ ចំនួន ៣៤ ៨៨៩ នាក់

•  កុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ ចំនួន ១ ១៦៣ នាក់

•  ស្រ្តីមានផ្ទៃពោះបានមកទទួលសេវាពិនិត្យ និងតាមដានផ្ទៃពោះនៅផ្នែកជំងឺក្រៅនៅមន្ទីរពេទ្យគន្ធបុប្ផា សៀមរាប ចំនួន ១០៨ ១៣៤ ករណី និងសម្រាលកូន ចំនួន ២៥ ៧៣៦ នាក់។

ជាមួយនឹងលទ្ធផលខាងលើ, មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបចំនួនជាង ៤៦ លានដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មរបស់ខ្លួន ក្នុងផ្តល់សេវាពិនិត្យ និងព្យាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

មុននឹងបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំក៏បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធបន្តកិច្ចខិតខំបំពេញភារកិច្ចតាមមុខងាររៀងៗខ្លួន ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារ ក៏ដូចជាស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ព្រមទាំងសេវាសម្ភពនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។