ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបពិភាក្សាការងារ ជាមួយ អគ្គនាយករងវិទ្យុសំឡេងវៀតណាម VOV ផ្តោតសំខាន់លេីការរៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ ដេីម្បីធ្វេីទំនេីបកម្ម សម្ភារៈក្នុងស្ទូឌីយោ និងការផលិតក្មវិធីផ្សេងៗ ក្នុងបរិបទឌីជីថល ស្របតាមការវិវឌ្ឍន៍នៃបច្ចេកវិទ្យា,

គម្រោងនៃកិច្ចសហប្រតិបត្តិការនេះធ្វើឡើងស្របពេលដែលក្រសួងព័ត៌មាន បានធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ ព្រោះត្រូវធ្វើការផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍ ពី អានណាឡូក ទៅប្រព័ន្ធ ឌីជីថល ព្រមជាមួយការពង្រឹងប្រព័ន្ធផ្សព្វផ្សាយទាំងវិទ្យុ ទូរទស្សន៍ និង អនឡាញ,

( ភ្នំពេញ )៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យុសំឡេងវៀតណាម (VoV) ដឹកនាំដោយ ឯកឧត្តម Vu Hai Quang អគ្គនាយករង VOV នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយក្នុងកិច្ចពិភាក្សាផ្តោតជាសំខាន់ក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា តាមរយៈការធ្វើទំនើបកម្មនៃការផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ឲ្យស្របតាមយុគសម័យឌីជីថល នាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងព័ត៌មាន និង វិទ្យុសំឡេងវៀតណាម VOV នាពេលកន្លងមក ហើយសង្ឃឹមថាទៅឆ្នាំបន្តបន្ទាប់ទៀតយើងរួមគ្នាអនុវត្តន៍កិច្ចការងារស្របតាមគម្រោងផែនការច្បាស់លាស់ប្រកបដោយផ្លែផ្កា និងទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត។ ឯកឧត្តម រដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម តាមរយៈវិទ្យុសំឡេងវៀតណាម (VOV) ដែលបានផ្តល់នូវម៉ាសុីនផ្សាយវិទ្យុ FM ជាច្រើនគ្រឿង ហើយបាននាំនូវមន្ត្រីបច្ចេកទេសមកជួយរៀបចំ តម្លើងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងបណ្តាខេត្តនៅកម្ពុជា បានរួចរាល់សម្រាប់ធ្វើការផ្សាយបានដោយរលូន។ ជាមួយនេះដែរក៏សូមអរគុណដែលបានផ្តល់ជូននូវ រថយន្តផ្សាយចល័តសម្រាប់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម តាមរយៈវិទ្យុសំឡេងវៀតណាម VOV ដល់ក្រសួងព័ត៌មាន ហើយរថយន្តផ្សាយចល័តនេះ នឹងត្រូវយកទៅថតផ្សាយផ្ទាល់ ពីដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្ដម តូ ឡឹម (Tô Lâm) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើដល់ភាគីវៀតណាម បន្តជួយបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងអភិវឌ្ឍធនធានមនុស្សផ្នែកសារព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធការងារមួយចំនួន ពិសេសជួយបណ្តុះបណ្តាលមន្ត្រីផ្នែកបច្ចេកទេស សម្រាប់ធ្វើការទ្រទ្រង់ដល់ក្រសួងព័ត៌មាន លើផ្នែកបច្ចេកទេស វិទ្យុ ទូរទស្សន៍ និងផ្នែកផ្សេងៗទៀត ។

ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនពីការជំរុញដល់ មន្ទីរព័ត៌មានរាជធានី ខេត្ត ក្នុងការរៀបចំវិទ្យុបណ្តាញ ដើម្បីផ្សព្វផ្សាយផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋឱ្យទទួលបានព័ត៌មានពិត ច្បាស់លាស់ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល មន្ត្រីជំនាញ អ្នកជំនាញមកពីវិស័យនានា ជុំវិញដំណើរអភិវឌ្ឍន៍របស់កម្ពុជា ។ បច្ចុប្បន្ននេះ វិទ្យុបណ្តាញ បានរៀបចំ និងធ្វើការផ្សាយបានចំនួន ៥ខេត្តរួចមកហើយ ។ ទន្ទឹមជាមួយគ្នានេះដែរ សម្រាប់ម៉ោងនៃការផ្សាយកម្មវិធីព័ត៌មាន របស់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា គឺបណ្តាស្ថានីយ៍វិទ្យុ និងទូរទស្សន៍នៅមន្ទីរព័ត៌មាន តាមបណ្តាខេត្ត រាជធានី ក៏ត្រូវកាច់ផ្សាយបន្តឲ្យដូចគ្នាទាំងអស់ផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មាន ពិត ត្រឹមត្រូវ មានប្រភពច្បាស់លាស់ តាមរយៈការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ។

ឯកឧត្តម អគ្គនាយករងវិទ្យុសំឡេងវៀតណាម បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងងកិច្ចសហការល្អរវាង វិទ្យុ VOV និងក្រសួងព័ត៌មាន ហើយកិច្ចសហប្រតិបត្តិការនេះគឺជាទំនាក់ទំនងជិតស្និទ្ធ និងមាន ប្រសិទ្ធភាព។ ជាមួយនេះ VOV ត្រៀមខ្លួន ជាស្រេចក្នុងការផ្លាស់ប្តូរ អ្នកជំនាញបច្ចេកទេសជាមួយកម្ពុជា ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទំនើប ។

ឯកឧត្តម Vu Hai Quang បង្ហាញនូវជំនឿជឿជាក់ថា ទំនាក់ទំនងជិតស្និតរវាងវិទ្យុសំឡេងវៀតណាម VOV និងក្រសួងព័ត៌មាន នឹងបន្តអភិវឌ្ឍន៍ និងបន្តរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជិតស្និទ្ធ ដ៏ល្អប្រសើររវាងវៀតណាម និងកម្ពុជា ៕