អ្នកជំនាញបង្ហាញក្តីបារម្ភចំពោះកាលបរិច្ឆេទផុតកំណត់នៅថ្ងៃព្រ.ហនេះ លើសន្ធិសញ្ញានុយក្លេអ៊ែរ New START រវាងអាម៉េរិក-រុស្ស៊ីដែលមានរយៈពេលជាងកន្លះសតវត្សរ៍មកហើយ
សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរចុងក្រោយដែលនៅសេសសល់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិកនឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ ដោយវានឹងត្រូវលុបចោលនូវដែនកំណត់ណាមួយលើឃ្លាំងអាវុធបរមាណូធំបំផុតចំនួន២ ជាលើកដំបូងក្នុងរយៈពេលជាងកន្លះសតវត្សរ៍មកនេះ។
ការបញ្ចប់សន្ធិសញ្ញា New START នឹងកំណត់ដំណាក់កាលសម្រាប់អ្វីដែលមនុស្សជាច្រើនខ្លាចរអាថាអាចជាការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរជាថ្មីដែលគ្មានការរឹតត្បិតនោះ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសពីការត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកាន់ខ្ជាប់នូវដែនកំណត់នៃសន្ធិសញ្ញានេះសម្រាប់បន្តរយៈពេលមួយឆ្នាំទៀត ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើតាម ប៉ុន្តែប្រធានាធិបតីអាមេរិក Donald Trump វិញមិនបានប្តេជ្ញាចិត្តអំពីការពង្រីកវាបន្តទៀតនោះទេ។ លោក Trump បានបង្ហាញម្តងហើយម្តងទៀតថា លោកចង់រក្សាដែនកំណត់លើអាវុធនុយក្លេអ៊ែរ និងចូលរួមជាមួយប្រទេសចិនក្នុងការចរចា និងគ្រប់គ្រងសព្វាអាវុធ នេះបើយោងតាមមន្ត្រីសេតវិមានម្នាក់ដែលមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈ និងបាននិយាយក្នុងលក្ខខណ្ឌអនាមិកកាលពីថ្ងៃចន្ទកន្លងទៅ។ លោក Trump នឹងធ្វើការសម្រេចចិត្តលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ “តាមពេលវេលាផ្ទាល់ខ្លួនរបស់លោក” នេះជាអ្វីដែលមន្ត្រីរូបនោះបានបញ្ជាក់។ ចំណែកទីក្រុងប៉េកាំងវិញក៏បានបដិសេធចំពោះការរឹតបន្តឹងណាមួយលើឃ្លាំងអាវុធនុយក្លេអ៊ែរដែលតូចជាង ប៉ុន្តែកំពុងបង្កើនអ្វីដែលជារបស់ខ្លួន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា វានឹងក្លាយជាពិភពលោក “ដ៏គ្រោះថ្នាក់” នៅពេលដែលវាគ្មានដែនកំណត់លើការស្តុកអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងរុស្ស៊ីនោះទេ។ អ្នកតស៊ូមតិដើម្បីគ្រប់គ្រងអាវុធបានសម្តែងនូវការព្រួយបារម្ភជាយូរមកហើយអំពីកាលបរិច្ឆេទផុតកំណត់នៃសន្ធិសញ្ញា New START នេះ ដោយព្រមានថាវាអាចនាំឱ្យមានការប្រណាំងប្រជែងផ្នែកសព្វាវុធថ្មីរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បង្កឱ្យមានអស្ថិរភាពជាសកល និងបង្កើនហានិភ័យនៃជម្លោះនុយក្លេអ៊ែរបន្ថែមទៀតដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



