រដូវត្រជាក់ចូលមកដល់! ជប៉ុនរងការវាយប្រហារដោយព្រិលធ្លាក់ ច្រើនខុសពីឆ្នាំមុនៗ ដែលបណ្តាលឱ្យមនុស្ស៣៥នាក់ស្លាប់ ត្រឹមរយៈពេល២សប្តាហ៍ប៉ុណ្ណោះ

យ៉ាងហោចណាស់មានមនុស្ស ៣៥ នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់អាកាសធាតុ ទាក់ទងនឹងមានព្រិលធ្លាក់ខ្លាំងក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ នៅទូទាំងប្រទេសជប៉ុន នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គីភ័យ និងគ្រោះមហន្តរាយជាតិរបស់ប្រទេសជប៉ុននៅថ្ងៃពុធនេះ។ ចំនួនមនុស្សស្លាប់ដែលបានកើនខ្ពស់បំផុតនេះ ត្រូវបានគេមើលឃើញថាបានកើតឡើងនៅក្នុងខេត្តនីហ្គាតា ភាគច្រើន ដោយសារតែមានមនុស្សស្លាប់ចំនួន១២នាក់ ត្រឹមតែមួយខេត្តនេះតែឯង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឲ្យដឹងទៀតថា ក្នុងចំណោមគ្រោះថ្នាក់នោះក៏មានផ្ទះមួយខ្នង បានដួលរលំដោយសារតែទម្ងន់ព្រិលសង្កត់ មិនអាចទទ្រទ្រង់បានកាលពីថ្ងៃអង្គារនេះ នៅក្នុងខេត្តនីហ្គាតាដដែល ដែលធ្វើឱ្យបុរសអាយុ ៦៨ ឆ្នាំម្នាក់ស្លាប់ភ្លាមៗ។ ចំណែកទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយបន្ថែមទៀតថា បញ្ហាអាកាសធាតុត្រូវបានគេរំពឹងថានឹងមានភាពធូរស្រាលបន្តិចនៅប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែតំបន់ជាច្រើននឹងនៅតែមានព្រិលធ្លាក់ច្រើនដដែល និងច្រើនជាងឆ្នាំមុនៗ លើសពីធម្មតាដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ