ដើម្បីការពារការលិចលង់ក្នុងបរិវេណសាលា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះស្តារប្រឡាយជុំវិញវិទ្យាល័យជម្ពូវ័ន

អភិបាលខណ្ឌពោធិ៍សែនជ័យ បានចុះពិនិត្យការស្តារប្រឡាយទឹកព័ទ្ធជុំវិញវិទ្យាល័យជម្ពូវ័ន ស្ថិតនៅសង្កាត់ចោមចៅទី៣ ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរន្តទឹក ការពារការលិចលង់ក្នុងបរិវេណសាលារៀន និងលើកកម្ពស់អនាម័យបរិស្ថានក្នុងមូលដ្ឋាន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ការស្តារភក់ និងកាកសំណល់ដែលកកស្ទះក្នុងប្រឡាយចេញពីជុំវិញវិទ្យាល័យជម្ពូវ័ន គឺដើម្បីធានាថា ទឹកអាចហូរបានលឿននៅពេលមានភ្លៀងធ្លាក់ខ្លាំង និងការពារការលិចលង់ដោយសារជំនន់ទឹកភ្លៀង ព្រោះវិទ្យាល័យជម្ពូវ័ន ជារឿយៗតែងរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា ហើយក៏ជាវិធានការយុទ្ធសាស្ត្រដើម្បីការពារអគារសិក្សា និងផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សផងដែរ។

អភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យពន្លឿនការងារ និងធានាឱ្យបាននូវគុណភាព ដើម្បីជៀសវាងការដក់ទឹកបង្កជាក្លិនស្អុយប៉ះពាល់ដល់សុខភាពអ្នករស់នៅក្បែរនោះ ហើយលោកក៏សំណូមពរឱ្យប្រជាពលរដ្ឋកុំបោះសំរាមចូលក្នុងប្រឡាយ ដែលជាមូលហេតុចម្បងនៃការកកស្ទះ៕