ប្រធានាធិបតីស្តីទីប្រទេសវេណេហ្ស៊ូអេឡាទទួលស្វាគមន៍អ្នកការទូតអាមេរិក បន្ទាប់ពីរយៈពេល១ខែដែលយោធាសហរដ្ឋអាម៉េរិក បញ្ចេញប្រតិបត្តិការចាប់ខ្លួនលោក Maduro
លោកស្រី Delcy Rodríguez ប្រធានាធិបតីស្តីទីនៃប្រទេសវេណេហ្ស៊ូអេឡាបានទទួលស្វាគមន៍អ្នកការទូតអាមេរិកម្នាក់ ក្រោយពីរយៈពេលជិតមួយខែនៃប្រតិបត្តិការយោធាអាម៉េរិកសម្រុកមកចាប់ខ្លួនអតីតមេដឹកនាំរបស់ពួកគេ គឺលោក Nicolás Maduro។ ទូរទស្សន៍រដ្ឋបានចាក់ផ្សាយរូបភាពវីដេអូនៃកិច្ចប្រជុំរវាងលោកស្រី Laura Dogu ជាភារធារីសហរដ្ឋអាមេរិក និងមន្ត្រីវេណេហ្ស៊ូអេឡារួមទាំងលោកស្រី Rodríguez នៅខាងក្នុងវិមានប្រធានាធិបតីក្នុងទីក្រុង Caracas ដែរ។ កិច្ចប្រជុំនោះបានធ្វើឡើងកាលពី២ថ្ងៃបន្ទាប់ពីលោកស្រី Dogu ដែលធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសជាច្រើនដូចជា Nicaragua និង Honduras បានមកដល់ទីក្រុងនេះ ក្នុងគោលបំណងបើកបេសកកម្មការទូតអាមេរិកឡើងវិញបន្ទាប់ពីទំនាក់ទំនងត្រូវបានកាត់ផ្តាច់អស់រយៈពេល៧ឆ្នាំនោះ។ រដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ូអេឡា លោក Yvan Gil បាននិយាយថា កិច្ចពិភាក្សានេះគឺជាការចាប់ផ្តើមនៃដំណាក់កាលនៃ “ការដោះស្រាយភាពខុសគ្នា” រវាងប្រទេសទាំងពីរផងដែរ។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាឱ្យចាត់វិធានការយោធាដែលបានដកហូតតំណែងលោក Maduro ជាឯកតោភាពក៏ដោយ ហើយបាននាំខ្លួនលោកទៅកាត់ទោសនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករាថែមទៀតផង។ ប្រទេសវេណេហ្ស៊ូអេឡា និងសហរដ្ឋអាមេរិកធ្លាប់បានផ្តាច់ចំណងទំនាក់ទំនងការទូតនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៩ តាមការសម្រេចចិត្តរបស់លោក Maduro។ ពួកគេបានបិទស្ថានទូតគ្នាទៅវិញទៅមក បន្ទាប់ពីលោក Trump បានផ្តល់ការគាំទ្រជាសាធារណៈដល់សមាជិកសភា Juan Guaidó ដែលអះអាងថាជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសនេះក្នុងខែមករា ឆ្នាំ២០២៩នោះដែរ ដែលជាហេតុធ្វើឲ្យភាគីទាំងពីរកាន់តែតានតឹងទៅៗរហូតដល់អាម៉េរិកសម្រេចចោទប្រកាន់លោក Maduro ពីបទរត់ពន្ធគ្រឿងញៀននិងចាប់ខ្លួនលោកជាមួយភរិយាលោកពីគេហដ្ឋានផ្លូវការបស់លោកតែម្តង៕
សម្រួលអត្ថបទ៖ សុផារិន្ទ



