ឯកឧត្តម ឈួរ សុបញ្ញ ជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ណូដា ម៉ាសាតុ ជនជាតិជប៉ុន ផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈអំពី តួនាទីពុទ្ធសាសនាក្នុងការលើកកម្ពស់កិច្ចគាំពារសង្គម
ជប៉ុន-ខេត្តស៊ូគូបា-នៅថ្ងៃអាទិត្យ ១៤ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩
ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ណូដា ម៉ាសាតុ ជនជាតិជប៉ុន ដែលជាបុគ្គលមានគុណូបការៈសំខាន់ចំពោះការអភិរក្ស និងអភិវឌ្ឍពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជាក្នុងកាលកន្លងមក។លោកបានចូលរួមជ្រោមជ្រែងយ៉ាងសកម្មក្នុងការបោះពុម្ពព្រះត្រៃបិដកខ្មែរឡើងវិញ ព្រមទាំងការគាំទ្រការកសាង និងអភិវឌ្ឍពុទ្ធសាសនបណ្ឌិត្យ ដែលជាគ្រឹះស្ថាប័នសំខាន់សម្រាប់ការសិក្សាព្រះធម៌ និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកពុទ្ធសាសនាខ្មែរ។
ឯកឧត្តមមានប្រសាសន៍ថា លោកបណ្ឌិត ណូដា ម៉ាសាតុ ជាសិស្សមួយរូបផងដែររបស់ សម្តេចព្រះមហាឃោសនន្ទដា ដោយលោកបានបកប្រែជាភាសាជប៉ុននូវសៀវភៅ «មួយជំហានម្តងៗ» (Step by Step) និពន្ធឡើងក្នុងឆ្នាំ១៩៩៩ បកប្រែនិងរៀបចំបោះពុម្ពដោយ ភិក្ខុវជិរប្បញ្ញោ ញែម គឹមតេង គាំទ្រដោយអង្គការ រិស្សូ គូសឺ-កៃ (JSRC ) ដែលសៀវភៅនេះគឺជាទស្សនវិជ្ជាសន្តិភាព និងសកម្មភាពដង្ហែក្បួនអហិង្សាដ៏ល្បីល្បាញរបស់ សម្តេចព្រះមហាឃោសានន្ទ ដើម្បីផ្សះផ្សាជាតិ និងស្តារព្រះពុទ្ធសាសនានៅកម្ពុជាក្រោយសម័យសង្គ្រាម។ ព្រះអង្គបានដឹកនាំប្រជាជនដើរដោយស្មារតីសន្តិភាព មិនប្រកាន់សាសនា ឬនិន្នាការនយោបាយ ដើម្បីកសាងជំនឿចិត្ត និងក្តីសង្ឃឹមឡើងវិញ។ បច្ចុប្បន្នកំពុងរស់នៅក្នុងខេត្ត ស៊ូគូបា នៃព្រះរាជាណាចក្រជប៉ុន និងជាសាស្រ្តាចារ្យមួយរូប។
ក្នុងឱកាសនៃជំនួបនោះ ភាគីទាំង២បានផ្លាស់ប្តូរការពិភាក្សាលើបទពិសោធន៍ និងទស្សនៈជាក់ស្តែងអំពី តួនាទីពុទ្ធសាសនាក្នុងការលើកកម្ពស់កិច្ចគាំពារសង្គម ដែលជាវិស័យដែលលោកមានជំនាញ និងបទពិសោធន៍ ជាពិសេស លោកធ្លាប់បានអនុវត្តការសិក្សាស្រាវជ្រាវលើប្រធានបទនេះនៅព្រះរាជាណាចក្រកម្ពុជា កាលពីជាងដប់ឆ្នាំមុន ដែលបានផ្តល់ជាមូលដ្ឋានចំណេះដឹងសំខាន់សម្រាប់ការពិចារណាក្នុងការអភិវឌ្ឍការងារសង្គមតាមបែបពុទ្ធសាសនា។តាមទស្សនៈពុទ្ធសាសនា កិច្ចគាំពារសង្គមមិនមែនជាការផ្តល់ជំនួយផ្លូវសម្ភារៈតែប៉ុណ្ណោះទេ ប៉ុន្តែជាការអនុវត្តធម៌ក្នុងជីវិតប្រចាំថ្ងៃ ដោយផ្អែកលើមេត្តា ករុណា និងការទទួលខុសត្រូវចំពោះមនុស្សគ្រប់គ្នាក្នុងសង្គម ដោយការផ្តល់ “ធម្មទានអប់រំ” គឺជាមូលដ្ឋានសំខាន់ក្នុងការកសាងចិត្តមនុស្ស និងសង្គមឱ្យមានសាមគ្គីភាព សុចរិតភាព និងសុខុមាលភាពសង្គម។
ឯកឧត្តមបានបន្តទៀតថាតាមរយៈបទពិសោធន៍ និងការស្រាវជ្រាវរបស់លោកបណ្ឌិត ណូដា ម៉ាសាតុ បានបញ្ជាក់ថា វត្តអារាម និងស្ថាប័នពុទ្ធសាសនា អាចដើរតួនាទីជាដៃគូយុទ្ធសាស្ត្ររបស់រដ្ឋ និងសហគមន៍ ក្នុងការលើកកម្ពស់សីលធម៌សង្គម ការអប់រំចិត្ត និងការជួយគ្នាទៅវិញទៅមក។
លោកបណ្ឌិត ណូដា បញ្ជាក់ថា ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព ត្រូវចាប់ផ្តើមពីការបង្កើតមនុស្សល្អ មានវិន័យ មានចិត្តសប្បុរស និងមានការទទួលខុសត្រូវជាសាធារណៈ។សាសនាគឺជាគ្រឹះសីលធម៌ដ៏រឹងមាំសម្រាប់ការលើកកម្ពស់កិច្ចគាំពារសង្គម។ ការរួមបញ្ចូលព្រះធម៌ចូលក្នុងគោលនយោបាយ និងការអនុវត្តសង្គម គឺជាមាគ៌ាដែលអាចនាំឱ្យសង្គមកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍមានតុល្យភាពរវាងវឌ្ឍនភាពសម្ភារៈ និងគុណតម្លៃសីលធម៌ ដើម្បីសុខុមាលភាពរួម និងចីរភាពជាតិ។
ក្នុងឱកាសនោះភាគីទាំង២ ការបានចូលរួមដោយផ្ទាល់តាមបណ្តាវិហារសក្ការៈមួយចំនួននៅក្នុងខេត្តស៊ូគូបាផងដែរ។



