សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី«គម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក ថ្នាក់តំបន់»

ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ជាមួយលោក NAGASE Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “គម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក ថ្នាក់តំបន់” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវ លោក-លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនិងកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណាងជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)ប្រចាំកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍ-ក្រុមហ៊ុនឯកជន ជាច្រើនរូប។ 

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយពីការចាប់ផ្តើមអនុវត្ត គម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីក ថ្នាក់តំបន់ ក៏ដូចជាប្រមូលព័ត៌មាន-ធាតុចូលសំខាន់ៗ ពីក្រសួង-ស្ថាប័ន និងក្រុមហ៊ុនឯកជនពាក់ព័ន្ធ ដើម្បីឱ្យគម្រោងអភិវឌ្ឍន៍ផែនការមេនេះមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្របតាមការវិវត្តន៍សង្គម-សេដ្ឋកិច្ចកម្ពុជាជាក់ស្តែងនាពេលបច្ចុប្បន្ននិងនាពេលអនាគត។

ថ្លែងក្នុងនាឱកាសនោះ លោក NAGASE Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការបញ្ជាក់ពីការបេ្តជ្ញារបស់រដ្ឋាភិបាលជប៉ុន ក៏ដូចជាទីភ្នាក់ងារ JICA ក្នុងការគាំទ្រដល់គម្រោងអភិវឌ្ឍន៍ផែនការមេនេះ តាមរយៈជំនាញការរបស់ជប៉ុនដែលពោពេញដោយជំនាញ សមត្ថភាព និងបទពិសោធន៍ខ្ពស់។  

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល-ប្រជាជនជប៉ុន និងទីភ្នាក់ងារ JICA ដែលតែងតែបន្ដផ្ដល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា លើការអភិវឌ្ឍវិស័យដឹកជញ្ជូន-ឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ-មន្រ្តីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន សូមវាយតម្លៃខ្ពស់ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់កិច្ចសហការនានាតាមការចាំបាច់ សំដៅធ្វើយ៉ាងណាឱ្យការសិក្សារៀបចំផែនការមេនេះមានភាពគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវនិងសម្រេចបានលទ្ធផលតាមការគ្រោងទុក។ 

គួររំលឹកផងដែរថា គម្រោងអភិវឌ្ឍន៍ផែនការមេនេះគឺជាគំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានស្នើសុំការគាំទ្រពីរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលក្នុងតំបន់ ដែលមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់បម្រើសេវាកំពង់ផែក្នុងតំបន់ និងលើសពីនេះទៅកាន់ពិភពលោក ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការតភ្ជាប់ ការសម្រួលពាណិជ្ជកម្ម និងការជំរុញការប្រកួតប្រជែងលើសេវា និងតម្លៃដឹកជញ្ជូនឡូជីស្ទីក និងការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។