ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកដំបូងនៅកម្ពុជា មានកុមារចូលរួមសរុប ៣៥០នាក់ ដែលជាតួរលេខលើសពីការរំពឹងទុក

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា ទទួលបានភាពជោគជ័យ ជាមួយនឹង សន្ទុះនៃការគាំទ្រយ៉ាងខ្លាំង របស់អាណាព្យាបាល ដែលបាននាំកូនៗ របស់ខ្លួនចូលរួមយ៉ាងច្រើនកុះករ

នេះការថ្លែងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា(NOCC) នៅក្នុងព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកដំបូង នៅកម្ពុជា ដែរកម្មវិធីនេះ រៀបចំឡើង សម្រាប់កុមារ មានអាយុចន្លោះអាយុ ១ឆ្នាំ ដល់អាយុ ៧ឆ្នាំនេះ នៅផ្សារទំនើបអ៊ីអនមានជ័យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ បានបន្តទៀតថា ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកដំបូងនេះ មានកុមារ ចូលរួមសរុប ៣៥០នាក់ ដែលជាតួរលេខ លើសពីការរំពឹងទុក បន្ទាប់ពីមានអាណាព្យាបាល ជាច្រើន បានសំណូមពរស្នើសុំចុះឈ្មោះបន្ថែម តែដោយសារកត្ដាទីតាំង និងដើម្បីធានាការរៀបចំបានល្អប្រសើរ គណៈកម្មការសម្រេចទទួលការចុះឈ្មោះត្រឹម ៣៥០នាក់ប៉ុណ្ណោះ។

ឯកឧត្តម វ៉ាត់ ចំរើន បានសម្ដែងការភ្ញាក់ផ្អើល និងវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ និងការចូលរួមរបស់កុមារ ពិសេសការជំរុញរបស់អាណាព្យាបាល ដែលបង្ហាញឲ្យឃើញពីការយល់ដឹងអំពីអត្ថប្រយោជន៍នៃការលេងកីឡា ។ ទោះបីការប្រកួតកីឡា តែងមានឈ្នះមានចាញ់ តែឯកឧត្តមសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍រៀបចំឡើង មិនផ្ដោតលើលទ្ធផលពេកនោះទេ សំខាន់គឺការចូលរួម និងបង្ហាញនូវភាពក្លាហានរបស់កុមារ តាមរយៈសកម្មភាពកីឡា។

តាមរយៈការគាំទ្រយ៉ាងផុសផុលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមស្មារតី និងឧត្តមគិត អូឡាំពិក នឹងបន្ដរៀបចំ ព្រឹត្តិការណ៍នេះ ជារៀងរាល់ឆ្នាំ ហើយពង្រីកការរៀបចំ ឲ្យបានកាន់តែធំទៀត នាឆ្នាំក្រោយៗ ជាក់ស្ដែងដោយមាន សំណូមពរ ពីអាណាព្យាបាល នៅឆ្នាំក្រោយ ព្រឹត្តិការណ៍កីឡា កុមារអូឡាំពិក នឹងត្រូវពង្រីកកម្រិត អាយុបន្ថែម ពីអាយុ ១ឆ្នាំ ដល់ ១០ឆ្នាំ ដើម្បីផ្ដល់ឱកាស ដល់កុមារកាន់តែច្រើនចូលរួម បន្ថែមទៀត។

សូមបញ្ជាក់ថា សម្រាប់ ព្រឹត្តិការណ៍កុមារអូឡាំពិក លើកដំបូង មានកីឡា ១០ប្រភេទ រួមមាន កីឡាវារ កីឡាប្រើបញ្ញាអូឡាំពិក និងកីឡារត់ សម្រាប់កុមារចន្លោះអាយុ ១ ទៅ ២ឆ្នាំ, កីឡាប្រណាំងកង់ដោល, លើកទម្ងន់ និងបាល់បោះ សម្រាប់កុមារចន្លោះអាយុ ៣ ទៅ ៤ឆ្នាំ រួមជាមួយកីឡាបាល់ទាត់ យុទ្ធគុនចម្រុះ វាយកូនគោល និងវាយសី សម្រាប់កុមារចន្លោះអាយុ ៥ ទៅ ៧ឆ្នាំ។ ក្រោយបញ្ចប់ ការប្រកួត សម្រាប់កុមារ ទទួលបានជ័យលាភីលេខ១ ដល់លេខ៣ ក៏ទទួលបានរង្វាន់អនុស្សាវរីយ៍ពីគណៈកម្មការរៀបចំផងដែរ៕