ពិធីបុណ្យមាឃបូជាឆ្នាំនេះ ប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរអធិបតី
ពិធីបុណ្យមាឃបូជាឆ្នាំនេះ ត្រូវបានប្រារព្ធពិធីជាផ្លូវការ នៅថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណឧបដ្ឋានសាលាខាងក្រោម ដែលស្ថិតខាងកើតព្រះមហាសក្យមុនីចេតិយ ជាទីតម្កល់ព្រះបរមសារីរិកធាតុ នៃព្រះពុទ្ធបរមគ្រូ នៅភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ។
ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់អភិលក្ខិតសម័យទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺ ថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។
ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំពិធីបុណ្យយ៉ាងសាកសមទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧត្តុង្គ ស្រុកពញាឮ ខេត្តកណ្ដាល ។
ពិធីនេះ ក៏មានការយាង និមន្តចូលរួមពី សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ និងជាសម្ដេចព្រះរាជគ្រូ ព្រះប្រធានមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី និងព្រះវត្តមាន សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈ និងព្រះមន្ត្រីសង្ឃ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ឯកឧត្តម ចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ព្រមទាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហមកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងពុទ្ធបរិស័ទ ជាច្រើនរូប។
នៅក្នុងឱកាសនេះ ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា មាន ទាន ធូប ផ្កាផ្ញី នៅឧបដ្ឋានសាលាតាមប្រពៃណីព្រះពុទ្ធសាសនា។
ជាកិច្ចចាប់ផ្តើមកម្មវិធី អង្គពិធីទាំងមូល បានអញ្ជើញគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ច្រៀងបទនគររាជ គោរពទង់ព្រះពុទ្ធសាសនា និងសូត្របទសរភញ្ញ ដោយនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ក្នុងកម្មវិធីបន្ត លោកអាចារ្យដឹកនាំកម្មវិធី បានរៀបចំពិធីទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រកាសពិធីបួងសួង និងធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសីល និងបានប្រកាសមាឃបូជា។
ពិធីបុណ្យនេះប្រារព្ធឡើងជារៀងរាល់ថ្ងៃ១៥កើត ខែមាឃ ដើម្បីរំឭកទៅដល់ ព្រឹត្តិការណ៍ដ៏សំខាន់ ២ ចំណុចដែលបានកើតឡើង នៅក្នុងពេលដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ ព្រះធរមាននៅឡើយ។ ព្រឹត្តិការណ៍សំខាន់ទី១ គឺពេលដែលព្រះអង្គទ្រង់ប្រជុំព្រះភិក្ខុសង្ឃ ចំនួន ១២៥០អង្គ ជាការប្រជុំលើកដំបូង ដើម្បីប្រកាសនូវគោលការណ៍មូលដ្ឋាននៃសាសនា ដែលហៅថា ឱវាទបាតិមោក្ខ។
អង្គសន្និបាតនេះមានលក្ខណៈពិសេស ប្រកបដោយហេតុ ៤យ៉ាង ទើបមានឈ្មោះថា ចតុរង្គសន្និបាត។ ហេតុទាំង ៤យ៉ាងនោះគឺ ៖
– ទី១. ថ្ងៃនោះចំថ្ងៃពេញបូរណ៌មីខែមាឃ
– ទី២. ភិក្ខុសង្ឃចំនួន ១២៥០អង្គ ដែលមកប្រជុំគ្នានោះ ឥតបានអ្នកណានិមន្តទុកមុនមកទេ គីនិមន្តដោយអង្គឯងតែម្តង
– ទី៣. ភិក្ខុសង្ឃទាំង ១២៥០អង្គនោះ សុទ្ធតែជាឯហិភិក្ខុ គឺព្រះពុទ្ធទ្រង់បំបួសផ្ទាល់ទាំងអស់
– និងទី៤. ភិក្ខុសង្ឃទាំង ១២៥០អង្គនោះ សុទ្ធតែជាព្រះអរហន្ត ដែលបានសម្រេចអភិញ្ញា ៦ទាំងអស់។
អង្គសន្និបាតនេះកើតមានឡើង ក្រោយពីព្រះពុទ្ធអង្គទ្រង់បានត្រាស់ដឹងរយៈពេល ៩ ខែគត់។
ក្នុងកម្មវិធីបន្ទាប់មកទៀត នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ដែលជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ និងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញរាប់បាតប្រគេនព្រះសង្ឃចំនួន៨០អង្គ។
គួរបញ្ជាក់ថា ដើម្បីធ្វើឲ្យពិធីបុណ្យមាឃបូជាឆ្នាំនេះមាន ភាពមហោឡារិក ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ដែលមានវត្តមាន ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ បានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដើម្បីឲ្យដំណើរការនៃកម្មវិធីប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អបំផុត។
ព្រមទាំងមាននូវសេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យមាឃបូជា ដោយក្នុងនោះ បានណែនាំឲ្យមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី ខេត្ត ត្រូវបំផុស និងសហការជាមួយព្រះមេគណ ព្រះអនុគណ ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រះគ្រូចៅ អធិការគ្រប់វត្ត ឲ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យមាឃបូជាឲ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ ។ មន្ទីរធម្មការ និងសាសនាគ្រប់រាជធានី ខេត្ត ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារសុខសុវត្ថិភាពនៅក្នុងពិធីបុណ្យ និងអំពាវនាវសប្បុរសជន ពុទ្ធបរិស័ទ ឲ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សានូវអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងលើកកម្ពស់សីលធម៌សង្គម៕



