សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះសព ឧបាសិកា សំ សួន ត្រូវជាប្អូនស្រីបង្កើត
ក្រោយពីបានតម្កល់សពសម្រាប់ប្រារព្ធពិធីបុណ្យតាមគន្លងប្រពៃណីទំនៀមទំលាប់នៃព្រះពុទ្ធសាសនា អស់រយៈពេល ៤ថ្ងៃកន្លងមក សពឧបាសិកា សំ សួន ត្រូវជាប្អូនស្រីបង្កើត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដង្ហែរយកទៅបញ្ចុះ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។
ពិធីបញ្ចុះសពបានប្រារព្ធធ្វើ ឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដោយមានការ ចូលរួមពីឯកឧត្តម វង សូត អនុប្រធានទី ២រដ្ឋសភា និងលោកជំទាវ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងលោកជំទាវ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនញាតិមិត្តជិតឆ្ងាយ ជាច្រើនកុះករចូលរួមកាន់មរណទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត។
ឧបាសិកា សំ សួន ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម ជា ដែប អគ្គាធិការ នៃអគ្គាស្នងការដ្ឋាននៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្អូនស្រីបង្កើតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័កព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៩ និង២០នាទីព្រឹក ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ ។ មរណភាពឧបាសិកា សំ សួន គឺជាការបាត់បង់ នូវម្តាយ ម្តាយក្មេក ជីដូន និងជីទួត ដែលប្រកបដោយ ព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែលបានបូជា កម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី ក្នុងការចិញ្ចឹមបីបាច់ ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូន ក្មួយ និងចៅៗ ឱ្យក្លាយទៅជាធន ធានមនុស្សដ៏មានតម្លៃ ប្រកប ដោយគុណធម៌ នៅក្នុងសង្គមជាតិ។
ឆ្លៀតនៅក្នុងវេលាប្រកបដោយសេចក្តីទុក្ខសោកដ៏ក្រៀមក្រំនោះ សម្តេចចក្រី ហេង សំរិន បានគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុត ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ញាតិមិត្ត័ជិតឆ្ងាយទំាងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃក្នុងការចូលរួមពិធីបុណ្យសពឧបាសិកា សំ សួន ដែលជាប្អូនបង្កើតផ្ទាល់សម្តេច ចាប់ពីថ្ងៃចាប់ផ្តើម រហូតពិធីបុណ្យបានបញ្ចប់សព្វគ្រប់ដែលបានប្រារព្ធធ្វើឡើងទៅតាមគន្លងសាសនា និងទំនៀបទម្លាប់របស់ជាតិ ប្រកបដោយភាពអធិកអធមយ៉ាងក្រៃលែង។
វត្តមាននិមន្ត និងការអញ្ជើញចូលរួមរបស់ព្រះសង្ឃ ពុទ្ធបរិស័ទជិតឆ្ងាយ ឯកឧត្តម លោកជំទាវ លោក លោកស្រីទំាងអស់ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ បានផ្តល់នូវកិត្តិយសនិងមានតម្លៃយ៉ាងធំធេង ជាកម្លាំចិត្ត ប្រកបដោយភាពកក់ក្តៅជាទីបំផុតដល់ក្រុមគ្រួសារនៃសព។
សម្តេចចក្រី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបីមានគុណព្រះ ពុទ្ធ គុណព្រះធម៌ គុណព្រះសង្ឃ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សាការពារ និងប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការគឺ “អាយុ វណ្ណៈ សុខៈ និងពលៈ” កុំបីឃ្លៀងឃ្លាតឡើយ។
សូមបួងសួងឧទ្ទិសមហាកុសលនេះដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា សំ សួន សូមបានទៅសោយសុខក្នុងឋានសុគតិភព ដោយសេចក្ដីស្ងប់សុខជារៀងរហូត កុំបីឃ្លៀងឃ្លាតឡើយ៕



