គណៈកម្មាធិការប្រឡងថ្នាក់ជាតិ រៀបចំការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យ សុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បានរៀបចំការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យ សុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងនេះ ប្រព្រឹត្តទៅរយៈពេលចំនួនពីរថ្ងៃ គឺនៅថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសំណេរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

គោលបំណងនៃការប្រឡងថ្នាក់ជាតិចូលរៀននាឱកាសនេះ គឺដើម្បីជ្រើសរើសនិស្សិតពូកែ មានសមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកផលិតធនធានមនុស្សក្នុងវិស័យសុខាភិបាល ប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់។

ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានមានប្រសាសន៍ថា បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងតាមប្រព័ន្ធអនឡាញ ដើម្បីប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៥-២០២៦ មានចំនួន ៥ ៨០២នាក់។ ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រេចឱ្យបេក្ខជនចំនួន ៥ ៧៥៥នាក់ អាចមានសិទ្ធចូលរួមប្រឡងបាន ដោយបែងចែកជា១៤៥បន្ទប់។

នៅក្នុងការប្រឡងនេះ មានគណៈកម្មការ និងអនុគណៈកម្មការនានា សរុបចំនួន១ ១៩០នាក់ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន ដើម្បីគ្រប់គ្រង និងដំណើរការប្រឡងសំណេរ កំណែ និងប្រកាសលទ្ធផល។ ការប្រឡងនេះ ក៏មានការចូលរួមសង្កេតការណ៍ ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕

Screenshot

Screenshot

Screenshot
Screenshot
Screenshot