ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូវិនិយោគិននូវែលហ្សេឡង់ ចុះពិនិត្យសក្តានុពលក្រុមហ៊ុនធំៗចំនួនពីរ ដើម្បីបើកច្រកទីផ្សារនាំចេញ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញវិស័យពាណិជ្ជកម្ម និងពង្រីកទីផ្សារផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូវិនិយោគិនពីប្រទេសនូវែលហ្សេឡង់ រួមដំណើរដោយ លោក គួយ ម៉ៃឃល ប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅក្រុមហ៊ុនឈានមុខគេចំនួនពីរ។
ដំណើរទស្សនកិច្ចដ៏សំខាន់នេះ ផ្តោតការយកចិត្តទុកដាក់លើការពិនិត្យខ្សែច្រវាក់ផលិតកម្ម និងស្តង់ដារគុណភាពនៅ៖
១. ក្រុមហ៊ុន ហនុមាន (Hanuman Beverages)៖ គណៈប្រតិភូបានចូលទស្សនាខ្សែច្រវាក់ផលិតកម្មដ៏ទំនើបរបស់រោងចក្រ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាផលិត គុណភាព និងរសជាតិនៃស្រាបៀរ និងភេសជ្ជៈ ដែលជាមោទកភាពនៃផលិតផលក្នុងស្រុក។
២. ក្រុមហ៊ុន គីរីរម្យ ហ៊្វូត ប្រដាក់សិន (Kirirom Food Production)៖ គណៈប្រតិភូបានពិនិត្យយ៉ាងហ្មត់ចត់លើដំណើរការកែច្នៃ និងវេចខ្ចប់ «តំណាប់ស្វាយកែវរមៀតខ្មែរ» ដែលជាផលិតផលកសិ -ឧស្សាហកម្មដ៏មានសក្តានុពល ដោយផ្តោតលើអនាម័យ និងស្តង់ដារសុវត្ថិភាពចំណីអាហារ។
ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជាការស្វែងយល់ប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការធុរកិច្ច។ គោលបំណងស្នូលរបស់ក្រុមវិនិយោគិននូវែលហ្សេឡង់ គឺវាយតម្លៃលើសមត្ថភាពផ្គត់ផ្គង់ និងស្តង់ដារគុណភាព ដើម្បីពិនិត្យលទ្ធភាព និងអាចឈានទៅរកការចុះកិច្ចព្រមព្រៀងនាំយកផលិតផលខ្មែរដ៏មានគុណភាពទាំងនេះ ទៅចែកចាយ និងដាក់លក់នៅលើទីផ្សារប្រទេសនូវែលហ្សេឡង់ ដែលជាជំហានដ៏វិជ្ជមានមួយក្នុងការលើកកម្ពស់កិត្យានុភាពផលិតផល «Made in Cambodia»៕



